សេចក្ដីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋានខេត្តកំពង់ចាមជុំវិញករណីលួចលេងល្បែងស៊ីសង online ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ!

0

កំពង់ចាម៖ ក្រុមការងារ​ប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ សូមជម្រាបជូន​បងប្អូន​សាធារណជន​ អ្នកសារព័ត៌មាន​ ពិសេសអ្នកនិយមប្រេីប្រាស់នូវបណ្ដាញសង្គម​ ពាក់ព័ន្ធ​នឹងករណី​លួចលេងល្បែងសុីសងតាមប្រព័ន្ធអុីនធឺណេត ក្នុង​ភូមិសាស្ត្រ​ស្រុកស្រីសន្ធរ​។

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៩ និង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មាន​ថាមាន​ការលួចលេងល្បែងសុីសងតាមប្រព័ន្ធអុីនធឺណេតចំនួនបីទីតាំង​ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុកស្រីសន្ធរ​ ភ្លាមនោះ​ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ,​​កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ,​ កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបូក សហការ​ជាមួយអជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្រាវជ្រាវទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ចំនួន០៣ទីតាំងគឺ៖ ទីតាំង១ និងទី២ ស្ថិតនៅក្នុងភូមិព្រែកដំបូកលើ និងទីតាំងទី៣ នៅក្នុងភូមិតាម៉ឺន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ជាលទ្ធផលពេលកម្លាំងជំនាញយេីងបានចុះទៅដល់ទីតាំងទាំងបីខាងលើ​ ហេីយបានជួបជាមួយម្ចាស់ទីតាំង និងតាមការពិនិត្យជាក់ស្តែងឃើញថា មានសកម្មភាពលួចលេងល្បែងជល់មាន់តាមប្រព័ន្ធអុីនធឺណេត ចំនួន០២ទីតាំង ចំណែក០១ទីតាំងទៀតមិនមានការលួចលេងល្បែងស៊ីសងនោះទេ ។

ជាមួយគ្នានោះដែរ​ សមត្ថកិច្ចជំនាញ​បានធ្វើការអប់រំណែនាំចំពោះម្ចាស់ទីតាំងទាំង០៣ខាងលេី និងធ្វេីកិច្ចសន្យាអប់រំបញ្ឈប់ មិនឲ្យមានសកម្មភាពលួចបើកលេងល្បែងសុីសងខុសច្បាប់ បន្តទៀតជាដាច់ខាត ។

សូមបញ្ជាក់ថា​ សមត្ថកិច្ចយេីងខ្ញុំ​ និងអាជ្ញាធរមូលដ្ឋានបន្ដតាមដានរាល់សកម្មភាពល្មើសច្បាប់ខាងលើ ប្រសិនបើមានការប្រព្រឹត្តខុសពីកិច្ចសន្យា​ យេីងនិងចាត់វិធានការតាមច្បាប់ ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ សូមអំពាវនាវឲ្យគ្រប់ប្រភពផ្ដល់ព័ត៌មានទាំងអស់ មេត្តាជួយសហការជាមួយសមត្ថកិច្ចយេីង​ ដើម្បីឱ្យសមត្ថកិច្ចអនុវត្តវិធានការជំនាញប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសូមទំនាក់ទំនងតាមរយៈ​ក្រុមការងារប្រតិកម្មរហ័ស​ ប្រព័ន្ធ​លេខទូរស័ព្ទ​ ​015 727 337​ ឬ​ 069 988 833 ៕

Leave A Reply

Your email address will not be published.