លោក ប្រាយុទ្ធ ស្នើឲ្យនាយករដ្ឋមន្ត្រីថ្មីទប់ស្កាត់ជម្លោះក្នុង​ប្រទេស!

លោក ប្រាយុទ្ធ ស្នើឲ្យនាយករដ្ឋមន្ត្រីថ្មីទប់ស្កាត់ជម្លោះក្នុង​ប្រទេស!

0

នាយករដ្ឋមន្ត្រីថ្មីរបស់ថៃលោក សេតថា ថាវីស៊ីន បាននិយាយថា លោក ប្រាយុទ្ធ ចាន់អូចា បានស្នើសុំឲ្យគាត់ធ្វើយ៉ាងណាខិតខំពុះពារបញ្ចៀស និងកុំឲ្យកើតមានជម្លោះ ដើម្បីអាចឲ្យប្រទេសជាតិដើរឆ្ពោះទៅមុខបាន។

លោក សេតថា បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីត្រឡប់មកទីស្នាក់ការគណបក្សភឿថៃវិញថា “ក្នុងអំឡុងពេលកិច្ចពិភាក្សានោះ លោក ប្រាយុទ្ធ បានស្នើសុំឲ្យខ្ញុំថែរក្សាការពារប្រទេស ប្រជាជន សាសនា និងព្រះមហាក្សត្រ ជាពិសេសគាត់ក៏សុំឲ្យខ្ញុំបន្តគោលនយោបាយល្អៗរបស់គាត់ផងដែរ” ។

បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សារយៈពេលជិត ១ ម៉ោងជាមួយលោក ប្រាយុទ្ធ រួចហើយ, អតីតឧកញ៉ាអចលនទ្រព្យវ័យ ៦១ ឆ្នាំរូបនេះបន្ថែមទៀតថា “លោក ប្រាយុទ្ធ បានប្រាប់ឲ្យខ្ញុំគួរតែអត់ធ្មត់ និងស្ងាត់ស្ងៀម និងធ្វើយ៉ាងណាដោះស្រាយបញ្ហាជម្លោះដែលកើតមានកន្លងមក នៅពេលដែលខ្ញុំដឹកនាំប្រទេសថៃ” ។

ទន្ទឹមនោះ លោក សេតថា ​បាន​ពណ៌នាថា “​លោក ប្រាយុទ្ធ ជា​មនុស្ស​ចាស់​គួរ​គោរព និង​ល្អ​ម្នាក់ ហើយក្នុង​នាមខ្ញុំ​ជា​នាយក​រដ្ឋមន្ត្រី​ទើប​តែងតាំង​ថ្មី និង​ជាអ្នកជំនាន់ក្រោយ​របស់​លោក ប្រាយុទ្ធ, ដូច្នេះខ្ញុំក៏បង្ហាញ​កាយវិការ​ដ៏​សមរម្យ​មួយ​ គឺការ​ទៅ​សួរ​សុខទុក្ខ​ និង​សុំ​យោបល់​ពី​លោក ប្រាយុទ្ធ នេះឯង” ។

គួរបញ្ជាក់ថា ក្រោយជួបពិភាក្សាជាមួយលោក ប្រាយុទ្ធ នៅវិមានរដ្ឋាភិបាលរួចហើយ, ​លោក សេតថា ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជានាយករដ្ឋមន្ត្រីថ្មីកាលពីថ្ងៃទី២៣ ខែសីហា ក៏បានដើរមើលបន្ទប់នាយករដ្ឋមន្ត្រី និងអគារមួយចំនួនផងដែរ ហើយនេះជាលើកទី ១ ដែលនាយករដ្ឋមន្ត្រីទាំងពីរ បានជួបពិភាក្សាគ្នាដើម្បីផ្លាស់ប្តូរទស្សនៈយោបល់អំពីប្រទេសជាតិ មុនពេលការផ្ទេរអំណាចជាផ្លូវការ ៕

Leave A Reply

Your email address will not be published.