លោក ពូទីន បញ្ជាឲ្យបើកការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះសម្លាប់លោក Prigozhin!
លោក ពូទីន បញ្ជាឲ្យបើកការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះសម្លាប់លោក Prigozhin!
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍នេះ បានសម្តែងការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះឯកជនក្នុងតំបន់ Tver ដោយនិយាយថាឧបទ្ទវហេតុនេះនឹងត្រូវស៊ើបអង្កេតឱ្យបានហ្មត់ចត់បំផុត។
កាលពីល្ងាចថ្ងៃពុធ ទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធរបស់រុស្ស៊ី បាននិយាយថា យន្តហោះ Embraer-135 បានធ្លាក់នៅក្នុងតំបន់ Tver របស់ប្រទេសរុស្ស៊ី ខណៈដែលកំពុងធ្វើដំណើរពីទីក្រុងមូស្គូ ទៅកាន់ទីក្រុង St. Petersburg ដោយបានសម្លាប់អ្នកដំណើរទាំងអស់នៅលើយន្តហោះ រួមទាំងប្រធាន Wagner លោក Yevgeny Prigozhin ផងដែរ។
ក្រោយមកទីភ្នាក់ងារនេះបានចេញផ្សាយបញ្ជីឈ្មោះបុគ្គលនៅលើយន្តហោះ ដែលរួមមាន Prigozhin សហស្ថាបនិក Wagner លោក Dmitry Utkin និងបុគ្គលិក Wagner ផ្សេងទៀត។
ទាក់ទងនឹងការស្លាប់របស់ លោក Prigozhin ក្នុងឧបទ្ទវហេតុធ្លាក់នោះ លោក Putin បាននិយាយថា “គាត់បានស្គាល់លោក Prigozhin តាំងពីដើមទសវត្សរ៍ឆ្នាំ 1990 មកម្ល៉េះ។ គាត់ជាបុរសដែលមានវាសនាលំបាក ប៉ុន្តែគាត់បានសម្រេចលទ្ធផលដែលគាត់ចង់បាន។
ក្នុងជំនួបជាមួយលោក Denis Pushilin ប្រមុខស្តីទីនៃសាធារណរដ្ឋប្រជាមានិត Donetsk ដែលជាតំបន់មួយនៃអ៊ុយក្រែនដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី លោក Putin បាននិយាយថា “Prigozhin បានធ្វើការយ៉ាងសកម្មមិនត្រឹមតែនៅក្នុងប្រទេសរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្រៅប្រទេសផងដែរ។ ហើយគាត់បានធ្វើការដោយជោគជ័យ។
ទោះជាយ៉ាងណា ការស្លាប់មេដឹកនាំ Wagner Group ត្រូវបានពិភពលោកចង្អុលមកលើលោក ពូទីន ដោយថាជាអ្នកនៅពីក្រោយនៃឧបទ្ទវហេតុដ៏ភ្ញាក់ផ្អើលមួយនេះ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Lavrov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនៅអាហ្វ្រិកខាងត្បូងបន្ទាប់ពីកិច្ចប្រជុំកំពូល BRICS ថា “គេគួរតែផ្តោតលើការពិត មិនមែនលើសេចក្តីថ្លែងការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចទេ” ទាក់ទងនឹងការធ្លាក់យន្តហោះរបស់ លោក Prigozhin ៕