ព្រៃឈើធនធានធម្មជាតិច្បាស់ជារលាយហើចមិនខានប្រសិនបើសមត្ថកិច្ចនឹងមន្ត្រីពាក់ព័ន្ធនៅក្នុងខេត្តក្រចេះ មិនទប់ស្កាត់ទៅលើមេឈ្មួញដុះស្លែឈ្មោះ(ចែមុំ) ដែលដឹកជញ្ជូនធ្យូងយកទៅលក់វៀតណាមតាមច្រកទ្វារភាគីជ័យឃ្លាំង ..!
ព្រៃឈើធនធានធម្មជាតិច្បាស់ជារលាយហើចមិនខានប្រសិនបើសមត្ថកិច្ចនឹងមន្ត្រីពាក់ព័ន្ធនៅក្នុងខេត្តក្រចេះ មិនទប់ស្កាត់ទៅលើមេឈ្មួញដុះស្លែឈ្មោះ(ចែមុំ) ដែលដឹកជញ្ជូនធ្យូងយកទៅលក់វៀតណាមតាមច្រកទ្វារភាគីជ័យឃ្លាំង ..!
(ខេត្តក្រចេះ) ៖ ប្រជាពលរដ្ឋបានឱ្យដឹងថា លោក អ៊ាម សុខលីម មេប៉ុស្តិ៍ច្រកទ្វារព្រំដែនទ្វេភាគីជ័យឃ្លាំង”ហៅជ្រោះជ្រៅ” កំពុងមានការឃុបឃិតគ្នាជាមួយឈ្មួញឈើ និងឈ្មួញធ្យូងឆ្លងដែនខុសច្បាប់ដ៏ល្បីល្បាញប្រចាំខេត្តក្រចេះ ឈ្មោះ ចែមុំ និងបក្ខពួកឈ្មួញជាច្រើននាក់ទៀត ដោយបើកឲ្យមានការដឹកឈើនិងធ្យូងខុសច្បាប់ ចូលទៅលក់នៅប្រទេសវៀតណាមយ៉ាងគំហុក ដោយគ្មានការទប់ស្កាត់ ឬបង្ក្រាបពីស្ថាប័នជំនាញពាក់ព័ន្ធ ជាពិសេសអាជ្ញាធររដ្ឋបាលស្រុកស្នួលឡើយ។
ជាក់ស្តែង នៅថ្ងៃទី21ខែកញ្ញា ឆ្នាំ 2023 នេះ (ចែ មុំ) ឈ្មួញឈើនិងធ្យូង រួមទាំងក្រុមឈ្មួញមានមុខរបរដូចគ្នានេះជាច្រើននាក់ទៀត បាននិងកំពុងសម្រុកដឹកជញ្ជូនឆ្លងដែនចូលទៅវៀតណាមស្ទើរតែកិនក្បាលមន្ត្រីនគរបាលប្រចាំការនៅច្រកជ័យឃ្លាំងយ៉ាងអនាធិបតេយ្យបំផុត ។
ការដឹកផលអនុផលព្រៃឈើឆ្លងដែនយ៉ាងគគ្រឹកគគ្រេងបែបនេះ គេពុំឃើញមានអាជ្ញាធរ រឺសមត្ថកិច្ចពាក់ព័ន្ធស្រុកស្នួលនិង កម្លាំងអាវុធហត្ថខេត្តក្រក្រចេះ ចេញមុខធ្វើការទប់ស្កាត់ឡើយ ដោយគេឃើញមានតែសមត្ថកិច្ចមួយចំនួនបន្លំខ្លួនពាក់អាវស៊ីវិលចងអង្រឹងដេកចាំរាប់ក្បាលឡានដឹកឈើ និងធ្យូង យកលុយ តាមបណ្តោយផ្លូវK3 និងផ្លូវក្រវ៉ាត់ព្រំដែនចេញតាមផ្លូវ88 ក្បែរផ្ទះលោកឧកញ៉ា គង់ ក្រុង ហើយចេញទៅវៀតណាមតាមច្រកទ្វារទ្វេភាគីជ័យឃ្លាំងតែប៉ុណ្ណោះ។
ឈ្មួញឈើនិងធ្យូងខុសច្បាប់ឈ្មោះ ស្រីមុំ (ហៅចែមុំ)និងបក្ខពួក អាចធ្វើសកម្មភាពដឹកបទល្មើសធ្យូងនិងឈើខុសច្បាប់ជារៀងរាល់យប់តាមផ្លូវk3 និងមួយផ្នែកទៀត តាមក្រវ៉ាត់ព្រុំដែនផ្លូវ88 បានដោយរលូន គឺដោយសារមានការ បើកដៃពីគ្រប់សមត្ថកិច្ចពាក់ព័ន្ធ ជាថ្នូរការបែងចែកផលប្រយោជន៍ផ្ទាល់ខ្លួន ។
រីឯលោក អ៊ាម សុខលីម មេប៉ុស្តិ៍ការពារព្រំដែន ច្រកទ្វារទ្វេភាគីជ័យឃ្លាំង (សារព័ត៌មានដើមក្រសាំង) មិនអាចសុំការបំភ្លឺបានទេ ព្រោះខលចូលហើយលោកនិយាយមួយម៉ាត់យ៉ាងខ្លីថាជាប់រវល់។
ករណីដឹកបទល្មើស ធ្យូងយកទៅលក់នៅប្រទេសវៀតណាម ភ្នាក់ងារសារព័ត៌មានដើមក្រសាំង មិនអាចសុំការបំភ្លឺពីលោក សាន្ដ ប៊ុនឋាន មេបញ្ជាការ អាវុធហត្ថខេត្តក្រចេះបានទេព្រោះទូរស័ព្ទខលមិនចូល ។
ទោះយ៉ាងណា ក្រុមអ្នកឃ្លាំមើលបទល្មើសព្រៃឈើ បានសំណូមពរដល់លោក សាន្ត ប៊ុន ឋាន មេបញ្ជាការអាវុធហត្ថខេត្ត និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ មិនគួរមើលរំលងបទល្មើសព្រៃឈើនៅចំណុចច្រកទ្វារព្រំដែន ជ័យឃ្លាំង”ហៅជ្រោះជ្រៅ”នេះទេ គួរតែអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិកុំឲ្យមានការជួញដូរឆ្លងដែនខុសច្បាប់៕