សារព័ត៌មានដ៏ល្បីរបស់ចិនផ្សព្វផ្សាយពីប្រាសាទអង្គរវត្តកម្ពុជាដើម្បីទាក់ទាញភ្ញៀវទេសចរ
សារព័ត៌មានដ៏ល្បីរបស់ចិនផ្សព្វផ្សាយពីប្រាសាទអង្គរវត្តកម្ពុជាដើម្បីទាក់ទាញភ្ញៀវទេសចរ
សារព័ត៌មានដ៏ល្បភ្នំពេញ៖ សារព័ត៌មានដ៏ល្បីមួយរបស់ប្រទេសចិនដែលមានឈ្មោះថា CGTN មានចំនួនអ្នកតាមដានរហូតដល់ ១២០លាននាក់(120M followers) បានផ្សព្វផ្សាយពីប្រាសាទអង្គរវត្តរបស់កម្ពុជា តាមរយៈផេកមេតាផ្លូវការរបស់ខ្លួន នាព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ។ ក្នុងនោះ ក្រុមការងាររបស់សារព័ត៌មាន CGTN ចំនួន២នាក់ បានធ្វើដំណើរកម្សាន្តនៅប្រាសាទអង្គរវត្ត និងបានថតវីដេអូខ្លីៗអំពីការដើរកម្សាន្តនៅប្រសាទអង្គរវត្ត ព្រមទាំងរូបភាពជាច្រើនទៀតនៅប្រាសាទអង្គរវត្ត។
បើតាមការចុះផ្សាយរបស់សារព័ត៌មានCGTN បានសរសេររៀបរាប់ថា ប្រាសាទអង្គរវត្តស្ថិតនៅក្នុងឧទ្យានបុរាណវិទ្យាអង្គររបស់ប្រទេសកម្ពុជា ហើយត្រូវបានចាត់ទុកថាជាប្រាសាទមួយក្នុងចំណោមប្រាសាទដែលមានរូបសំណាកច្រើនបំផុត និងត្រូវបានថែរក្សាយ៉ាងល្អ។ ភាពអស្ចារ្យនៃស្ថាបត្យកម្មនេះមានទ្រព្យសម្បត្តិវប្បធម៌ជាច្រើនរួមទាំងរូបចម្លាក់ កន្លែងពិសេស និងវត្តអារាម។
លោក Wu Bin និង លោកZhong Shi ជាក្រុមការងាររបស់ CGTN បានស្លៀកឈុតប្រពៃណី Hanfu ដើរលំហែរកាយនៅក្នុងបរិវេណប្រាសាទអង្គរវត្តដែលមានអាយុកាលជាងមួយសហស្សវត្សរ៍។
គួរបញ្ជាក់ថា បច្ចុប្បន្នទំនាក់ទំនងរវាងកម្ពុជា-ចិន កំពុងឈរដល់កម្រិតកំពូលមិនធ្លាប់មាន ហើយទំនាក់ទំនងនេះ បានអនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំងពីរងាយស្រួលវិនិយោគ និងទេសចរណ៍។ ក្នុងឆ្នាំ២០២៣នេះ កម្ពុជារំពឹងថានឹងទទួលបានទេសចរចិនពី៨០ម៉ឺន-១លាននាក់ កើនខ្ពស់ជាងឆ្នាំ២០២២កន្លងទៅ៕