អភិបាលខេត្តកំពង់ចាម ជម្រុញអាជ្ញាធរឃុំ-សង្កាត់ បង្កើតសមាគមន៍មនុស្សចាស់ ដើម្បីងាយស្រួលតាមដាន និងផ្តល់សេវាសង្គមកិច្ចដល់ពួកគាត់!
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានជំរុញឲ្យអាជ្ញាធរឃុំ-សង្កាត់ បង្កើតសហគមន៍មនុស្សចាស់ ឲ្យបានគ្រប់ឃុំសង្កាត់ ដើម្បីងាយស្រួលតាមដាន និងផ្តល់សេវាសង្គម ជាប្រយោជន៍ដល់ពួកគាត់ ។
ឯកឧត្ដមអភិបាលខេត្តបានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ១១ ខែតុលាឆ្នាំ ២០២៣ នៅសាលាខេត្តកំពង់ចាម ក្នុងពេលប្រារព្ធខួបលើកទី ២៥ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ (១ តុលា ឆ្នាំ២០២៣) ។
ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នេះ មានដាក់ចេញនូវគោលនយោបាយជាតិស្ដីពីមនុស្សចាស់ ឆ្នាំ ២០១៧-២០៣០ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០១៦-២០២៥ និងកម្មវិធីនយោបាយរបស់រដ្ឋសភា នីតិកាលទី ៧ សម្រាប់ការកសាង និងការការពារ មាតុភូមិ ឆ្នាំ ២០២៣-២០២៨ ដែលមានលិខិតបទដ្ឋានគតិយុត្តិ បានបង្កើតយន្តការជាច្រើន ដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្ដល់សេវាសង្គមកិច្ចដល់ជនចាស់ជរា ។
ដូច្នេះយើងឃើញថា គោលនយោបាយល្អដាក់ចេញមក ដើម្បីជាប្រយោជន៍ដល់ជនចាស់ជរា ដោយមិនមានប្រកាន់និន្នាការនយោបាយ ឬពណ៌សម្បុរនោះទេ ពោលគឺ ជួយទាំងអស់ គ្រប់ផ្នែកគ្រប់វិស័យ ទាំងបញ្ហាសុខភាព ទាំងបញ្ហាជីវភាព ការរស់នៅ និងការចូលរួម ថែមទាំងការបញ្ចេញសិទ្ធិសេរីភាពផ្ទាល់ខ្លួន នៅក្នុងសង្គមផងដែរ
ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា គោលនយោបាយល្អហើយ នៅឡើយតែការអនុវត្តធ្វើយ៉ាងណា មន្ត្រីយើង អនុវត្តទៅឲ្យបានជាប្រយោជន៍ដល់ជនចាស់ជរា ។ ដូច្នេះសូមឱ្យអាជ្ញាធរមូលដ្ឋាន ចូលរួមទាំងអស់គ្នាដើម្បីខិតខំ អនុវត្តការងារនេះប្រកបដោយការទទួលខុសត្រូវ ដោយអាជ្ញាធរមូលដ្ឋាន ត្រូវត្រួតពិនិត្យជាប្រចាំ តាមដាន ត្រួតពិនិត្យវាយតម្លៃ និងឈានទៅដល់ការកែលម្អ នូវគោលនយោបាយណាមួយ ឲ្យត្រូវបំណងប្រាថ្នា របស់ជនចាស់ជរា នៅក្នុងមូលដ្ឋានរបស់ខ្លួន ។
ឯកឧត្ដមអភិបាលខេត្ត បានយកឱកាសនោះ អំពារនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធទាំងអស់ សូមផ្ដោតការយកចិត្ដទុកដាក់ឱ្យកាន់តែខ្លាំងថែមទៀត លើការថែទាំមនុស្សចាស់ ដោយរៀបចំឱ្យទៅជាប្រព័ន្ធគ្រប់គ្រង ចាត់ចែង ដើម្បីធានាបានថា មនុស្សចាស់ មានភាពកក់ក្ដៅលើប្រព័ន្ធសេវាសម្រាប់មនុស្សចាស់ របស់យើង ៕