ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលធ្វើឡើងនៅសាលាខេត្តកំពង់ចាម។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាម នឹងរៀបចំបណ្តុះបណ្តាលយុវជនយើងនៅលើជំនាញចំនួន ៧ និងផ្តល់ការសិក្សាដល់ យុវជនចំនួន ៤២០នាក់។ ថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងបន្តថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញកម្មវិធីបណ្តុះប ណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស សំដៅធ្វើឱ្យយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានជីវភាពល្អប្រសើរឡើង ដោយរក្សាបាននូវស្ថិរភាពការងារ កំណើន ផលិតភាព ប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ និងចាកផុតពីបន្ទាត់នៃភាពក្រីក្រ។ ដូច្នេះ តាមរយៈកម្មវិធីនេះខេត្តកំពង់ចាម ទទួលបានបានការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្ត ដោយមិនបង់ថ្លៃសិក្សា ព្រមទាំងទទួលបាននូវប្រាក់ឧបត្ថម្ភ ប្រចាំខែ ២៨ម៉ឺនរៀល ។ ក្រោយពីបញ្ចប់ការសិក្សា យុវជនយើងនឹងទទួលបានចំណេះ និងជំនាញមួយពិតប្រាកដ ដើម្បីប្រកបរបបចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូលក្នុងគ្រួសារ បញ្ចៀសបាននូវការធ្វើចំណាកស្រុកដោយខុសច្បាប់ ផងដែរ ៕