អ៊ុយក្រែន ចោទរុស្ស៊ីថា កំពុងព្យាយាមលាក់បាំងភស្តុតាងនៃឧក្រិដ្ឋកម្មសង្រ្គាម និងទទូចឲ្យបញ្ឈប់ទិញប្រេងពីរុស្សុី!
ប្រធានាធិបតីអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីកាលពីថ្ងៃពុធពីបទ “លាក់បាំងភស្តុតាង” នៃឧក្រិដ្ឋកម្មសង្រ្គាម ដើម្បីជៀសវាងការផ្ទុះកំហឹងជាសកល។
លោក Volodymyr Zelenskyy បាននិយាយនៅក្នុងវីដេអូប្រចាំថ្ងៃរបស់គាត់ថា”យើងមានព័ត៌មានថា ទាហានរុស្ស៊ីបានផ្លាស់ប្តូរយុទ្ធសាស្ត្រ ហើយកំពុងព្យាយាមយកមនុស្សស្លាប់ ប្រជាជនអ៊ុយក្រែនដែលស្លាប់ ចេញពីផ្លូវ និងបន្ទប់ក្រោមដីនៃទឹកដីដែលពួកទាហានរុស្សីកាន់កាប់” ។
លោក Zelenskyy បន្តថា”វាហាក់ដូចជា ថ្នាក់ដឹកនាំរុស្ស៊ីពិតជាភ័យខ្លាចកំហឹងជាសកល ចំពោះអ្វីដែលបានឃើញនៅក្នុងទីក្រុង Bucha នឹងត្រូវកើតឡើងម្តងទៀត បន្ទាប់ពីអ្វីដែលបានឃើញនៅក្នុងទីក្រុងផ្សេងទៀត”។
ប្រធានាធិបតីរូបនេះបានទទូចថា “ការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី គឺនៅមិនទាន់គ្រប់គ្រាន់ទេ ពិភពលោកប្រជាធិបតេយ្យ ត្រូវតែបដិសេធការទិញប្រេងពីរុស្ស៊ីជាដាច់ខាត។ ព្រោះវាគឺជាការបម្រើជាមូលដ្ឋានគ្រឹះមួយនៃការឈ្លានពានរបស់រុស្ស៊ី”។
ទីក្រុងមូស្គូ កំពុងប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងពីសហគមន៍អន្តរជាតិ បន្ទាប់ពីអ៊ុយក្រែនបានចោទប្រកាន់កងកម្លាំងរុស្ស៊ីថា បានប្រព្រឹត្ត “អំពើប្រល័យពូជសាសន៍” និង “ឧក្រិដ្ឋកម្មសង្គ្រាម” នៅក្នុងទីក្រុង Bucha ដែលជាទីក្រុងក្បែររដ្ឋធានី Kyiv។
ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិក បានប្រកាសពីការកើនឡើងដ៏ធំ នៅក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ីកាលពីថ្ងៃពុធ ដោយបានកំណត់គោលដៅយ៉ាងទូលំទូលាយនៃសេដ្ឋកិច្ចរុស្ស៊ី និងដាក់ក្នុងបញ្ជីខ្មៅសមាជិកគ្រួសាររបស់មន្ត្រីជាន់ខ្ពស់។
ប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប លោក Charles Michel បាននិយាយថា ពួកគេនឹងត្រូវដាក់ចេញនូវវិធានការប្រឆាំងនឹងការនាំចូលប្រេង និងឧស្ម័នរបស់រុស្ស៊ីដើម្បីរក្សាសម្ពាធអតិបរមាលើវិមានក្រឹមឡាំង។
គួរជម្រាបថា មកទល់នឹងម៉ោងនេះ យ៉ាងហោចណាស់ជនស៊ីវិល 1,563 នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន និង 2,213 នាក់បានរងរបួស ខណៈដែល ប្រជាជនអ៊ុយក្រែនជាង 4.27 លាននាក់បានភៀសខ្លួនទៅកាន់ប្រទេសផ្សេងទៀត ជាមួយនឹងការផ្លាស់ទីលំនៅខាងក្នុងរាប់លាននាក់៕