នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាស្រាវជ្រាវឃាត់ខ្លួន ជនឆបោកប្រាក់ តាមរយៈការដាក់ប្រាក់វិនិយោគ ដែលផ្តល់ប្រាក់ចំណេញត្រលប់មកវិញ
រាជធានីភ្នំពេញ ៖ យោងតាមអង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះបានឱ្យដឹងថា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវបង្រ្កាបលើបទល្មើសឆបោកប្រាក់ តាមរយៈការដាក់ប្រាក់វិនិយោគ ដែលផ្តល់ប្រាក់ចំណេញត្រលប់មកវិញ ក្រោមការសម្របសម្រួលដោយអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា ៖ ការបង្ក្រាបនេះ បានឃាត់ខ្លួនបានជនសង្ស័យ ១រូប ឈ្មោះ ម.ន.រ.ដ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាព ដែលទទួលបញ្ជាពីជនល្មើសជាមេក្លោង អោយបើកគណនីធនាគារ និងលេខទូរស័ព្ទ ភ្ជាប់ជាមួយអត្តសញ្ញាណរបស់ខ្លួនដើម្បីទទួលប្រាក់ និងដកប្រាក់ ព្រមទាំងទទួលផលពីបទល្មើសនេះទៀតផង។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។
នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ក្នុងការអូសទាញរបស់ជនមិនស្គាល់អត្តសញ្ញាណ ឱ្យបើកគណនីធនាគារ ឬប្រើប្រាស់អត្តសញ្ញាណផ្ទាល់ខ្លួន ដើម្បីទទួលប្រាក់ពីបទល្មើស ដោយទទួលបានកម្រៃពីអំពើទាំងនោះ គឺជាចំណែកក្នុងការប្រព្រឹត្តិបទល្មើស នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ៕