ប៉ូលិសអង់គ្លេសចោទប្រកាន់បុរសម្នាក់ពីបទឃាតកម្ម បន្ទាប់ពីរកឃើញសាកសពក្នុងវ៉ាលី!
ប៉ូលិសអង់គ្លេស នៅថ្ងៃចន្ទនេះ បានចោទប្រកាន់បុរសម្នាក់ពីបទល្មើសឃាតកម្មចំនួនពីរករណី បន្ទាប់ពីសាកសពមនុស្ស ត្រូវបានរកឃើញក្នុងវ៉ាលីមួយ នៅឯស្ពាន Clifton Suspension Bridge ទីក្រុង Bristol។
ជនសង្ស័យឈ្មោះ Yostin Andres Mosquera អាយុ ៣៤ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទឃាតកម្មលើបុរសពីរនាក់ ឈ្មោះ Albert Alfonso អាយុ ៦២ឆ្នាំ និងម្នាក់ទៀតអាយុ ៧១ឆ្នាំ ឈ្មោះ Paul Longworth។
ប៉ូលិសក្រុង Metropolitan និយាយថា ជនរងគ្រោះទាំងពីរមានទំនាក់ទំនងស្នេហា និងរស់នៅជាមួយគ្នា នៅក្នុងផ្ទះល្វែងមួយកន្លែង ក្នុងសង្កាត់ Shepherd’s Bush ភាគខាងលិចទីក្រុងឡុងដ៍ និងជាកន្លែងដែល Mosquera បានស្នាក់នៅក្នុងរយៈពេលខ្លីផងដែរ។ បំណែក នៃសាកសពបុរសទាំងពីរនោះ ក៏ត្រូវបានរកឃើញនៅម្តុំផ្ទះល្វែង ភាគខាងលិចទីក្រុងឡុងដ៏ផងដែរ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃពុធសប្តាហ៍មុន ប៉ូលិសក្នុងទីក្រុង Bristol ភាគខាងលិចនៃប្រទេសអង់គ្លេស បានទទួល សេចក្តីរាយការណ៍ថា មានបុរសម្នាក់កាន់វ៉ាលីមួយគួរឱ្យសង្ស័យ នៅលើស្ពាន Clifton ហើយបន្ទាប់មកមានវ៉ាលីមួយ ត្រូវបានរកឃើញនៅក្បែរនោះ។ តាមភស្តុតាងដែលប្រមូលបានមកទល់ពេលនេះ គ្មានសញ្ញាណាបង្ហាញថា ចេតនានៅពីក្រោយករណីឃាតកម្មនេះ គឺមកពីការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា នោះឡើយ៕