អ្នកឧកញ៉ា ហ៊ុន តូ ឈ្នះក្តីនៅប្រទេសអូស្រ្តាលី ពាក់ព័ន្ធករណីប្តឹងសារព័ត៌មាន The Australian ដែលចេញផ្សាយចោទប្រកាន់ខុសការពិត
(អូស្រ្តាលី)៖ តុលាការសហព័ន្ធនៃប្រទេសអូស្ត្រាលី បានចេញសេចក្តីសម្រេចដោយផ្តល់បានយុត្តិធម៌ និងភាពស្អាតស្អំ ជូនអ្នកឧកញ៉ា ហ៊ុន តូ ពាក់ព័ន្ធករណីសារព័ត៌មាន The Australian បានចុះផ្សាយចោទប្រកាន់ខុសការពិត លើអ្នកឧកញ៉ា ហ៊ុន តូ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ (២ឆ្នាំមុន) នៅលើគេហទំព័រ និងបោះពុម្ពកាសែតរបស់ខ្លួន។
នេះបើយោងតាមលិខិតរបស់លោក Thomson Geer មេធាវីរបស់សារព័ត៌មាន The Australian នៅប្រទេសអូស្រ្តាលី ដកស្រង់សេចក្តីសម្រេចរបស់តុលាការសហព័ន្ធ នៃប្រទេសអូស្រ្តាលី ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ។
លិខិតរបស់លោកមេធាវី Thomson Geer បានបញ្ជាក់យ៉ាងដូច្នេះថា «សារព័ត៌មាន The Australian មិនមានចេតនាថា លោក ហ៊ុន តូ មានពិរុទ្ធលើបទឧក្រិដ្ឋណាមួយ ឬថាមានភស្តុតាងដែលថា គាត់បានជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងបញ្ហានៃអត្ថបទទាំងនេះទេ។ យើងទទួលយកការធានារបស់លោក ហ៊ុន តូ ដែលថា គាត់មិនជាប់ពាក់ព័ន្ធ»។
ឥឡូវនេះសារព័ត៌មាន The Australian បានដកចេញនូវអត្ថបទខាងលើ ព្រមទាំងចេញសេចក្តីបំភ្លឺទាក់ទងឡើងវិញ ពាក់ព័ន្ធអត្ថបទចេញផ្សាយទាំងនោះ កាលពីពេលថ្មីៗថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤, លិខិតរបស់លោកមេធាវី Thomson បន្ថែមយ៉ាងដូច្នេះ។
សូមជំរាបថា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ សារព័ត៌មាន The Australian បានចេញផ្សាយខុសការពិតថា អ្នកឧកញ៉ា ហ៊៊ុន តូ ជាប់ពាក់ព័ន្ធជាមួយបណ្ដាញឧក្រិដ្ឋកម្មផ្សេងៗដូចជា ការជួញដូរមនុស្ស ការឆបោកតាមអ៉ិនធើណែត និងការនាំចូលគ្រឿងញៀន។ ក្រោយពីការចេញផ្សាយ អ្នកឧកញ៉ា ហ៊ុន តូ តាមរយៈលោកមេធាវី Adam Lopez ប្រចាំនៅប្រទេសអូស្រ្តាលី បានដាក់ពាក្យបណ្តឹងប្តឹងសារព័ត៌មាន The Australian ដើម្បីផ្តល់យុត្តិធម៌ និងភាពស្អាតស្អំ។បន្ទាប់ពីប្តឹងផ្តល់នៅពេលនេះ តុលាការសហព័ន្ធនៃប្រទេសអូស្ត្រាលី បានផ្តល់យុត្តិធម៌ និងស្អាតស្អំជូនអ្នកឧកញ៉ា ហ៊ុន តូ ព្រមទាំងដកអត្ថបទចេញផ្សាយរបស់ខ្លួន ព្រមទាំងចេញបំភ្លឺឡើងវិញផងដែរ៕