សម្តេចធិបតី​ ហ៊ុន ម៉ាណែត ​ណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាល ដែលសិក្សានិងរៀបចំបង្កើតវិទ្យាស្ថាន​ទទួលបន្ទុកកេរ្តិ៍ដំណែលរបស់​ អ.វ.ត.ក. ត្រូវគិត​គូរបានស៊ីជម្រៅទៅលើចំណុចចំនួន៦! 

0

(ភ្នំពេញ)៖ សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាល ទទួលបន្ទុកដំណើរការអនុវត្តមុខងារសេសសល់ និងរដ្ឋបាលនៃ អ.វ.ត.ក. សិក្សាឱ្យបានស៊ីជម្រៅទៅលើចំណុចចំនួន៦ ក្នុងសិក្សា និងរៀបចំបង្កើតវិទ្យាស្ថានរបស់រដ្ឋមួយដែលទទួលបន្ទុកកេរ្តិ៍ដំណែលរបស់​អ.វ.ត.ក.​ ​ដើម្បីចងក្រងគ្រប់គ្រងឯកសារ និងជាមណ្ឌលស្រាវជ្រាវចែករំលែកចំណេះដឹងដល់ក្មេងជំនាន់ក្រោយ ឈ្វេងយល់បន្ថែមអំពីឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរនៅកម្ពុជា។

 

សម្តេចណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចធិបតី ​អញ្ជើញទស្សនកិច្ច និងសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។

 

សម្តេចធិបតីមាន ប្រសាសន៍ថា សមិទ្ធផលដ៏ថ្លៃថ្លាជាប្រវត្តិសាស្រ្តរបស់ អ.វ.ត.ក. ​ បានធ្វើឱ្យប្រទេសកម្ពុជា ត្រូវបានគេចាត់ទុកថា ជាប្រទេសមួយដែលមានសក្តានុពលជាងគេនៅក្នុងតំបន់ទាក់ទងទៅនឹងការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងដំណើរការទទួលខុសត្រូវចំពោះមុខច្បាប់។

 

ក្នុងន័យនេះ រាជរដ្ឋាភិបាលផ្តល់គោលការណ៍ដើម្បីឱ្យសិក្សា និងរៀបចំបង្កើតវិទ្យាស្ថានរបស់រដ្ឋមួយដែលទទួលបន្ទុកកេរ្តិ៍ដំណែលរបស់​អ.វ.ត.ក. ដើម្បីចងក្រងគ្រប់គ្រងឯកសារ និងជាមណ្ឌលស្រាវជ្រាវចែករំលែកចំណេះដឹង និងផ្តល់ព័ត៌មានដល់អ្នកជំនាន់ក្រោយ អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ ដើម្បីឈ្វេងយល់បន្ថែមអំពីឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ ក៏ដូចជាជោគជ័យនៃដំណើរការជំនុំជំរះក្តីរបស់អ.វ.ត.ក.។​

 

​ទន្ទឹមគ្នានេះ សម្តេចបាន​ស្នើឱ្យក្រុមការងាររាជរដ្ឋាភិបាល ទទួលបន្ទុកដំណើរការអនុវត្តមុខងារសេសសល់ និងរដ្ឋបាលនៃ អ.វ.ត.ក. ក៏បន្តការពិចារណាឱ្យបានស៊ីជម្រៅទៅលើចំណុច ចំនួន៦ទៀត រួមមាន៖

ទី១-អំពីតួនាទី និងការទទួលខុសត្រូវស្នូលរបស់វិទ្យាស្ថាន (Core Roles and Responsibilities),ទី២-អំពីឈ្មោះនិងរចនាសម្ព័ន្ធ (Name and Structure),ទី៣-អំពីឋានៈនិងទម្រង់ (Status and Modality),ទី៤-អំពីដៃគូសហប្រតិបត្តិការ (Partners of Cooperation),ទី៥-អំពីការវាយតម្លៃផលប៉ះពាល់ (Impact Assessment),និងទី៦-អំពី តម្រូវការថវិកា (Budget Requirements)។

សូមជម្រាបថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ អ.វ.ត.ក ត្រូវបានរៀបចំឡើងក្រោមកិច្ចព្រមព្រៀងរវាងភាគី រាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការសហប្រជាជាតិ នៅខែមិថុនា ឆ្នាំ២០០៣ ប៉ុន្ដែតុលាការនេះ គឺជាតុលាការឯករាជ្យម្ចាស់ការ មិនចំណុះរាជរដ្ឋាភិបាល ឬអង្គការសហប្រជាជាតិទេ ដើម្បីដំណើរការកាត់សេចក្ដីឧក្រិដ្ឋកម្មលើមេដឹកនាំកំពូលៗ ដែលបានប្រព្រឹត្ដឡើងនៅប្រទេសកម្ពុជា ក្នុងអំឡុងរបបខ្មែរក្រហម ពីឆ្នាំ១៩៧៥-១៩៧៩។​

 

ក្រោយដំំណើរការអស់រយៈពេល១៦ឆ្នាំ ​ការកាត់ទោសទៅលើមេដឹកនាំកំពូលៗនៃរបបខ្មែរក្រហមបានបានបញ្ចប់ប្រកបដោយជោគជ័យកាលពីចុងឆ្នាំ២០២២ ​ជាមួយនឹងការគាំទ្រ និងទទួលស្គាល់ពីសហគមន៍អន្តរជាតិ។ ក្នុងដំណើរការនាំកាត់ក្តីនេះ បានបន្សល់នូវ បណ្ណសារតុលាការ ​ចំនួនសរុប ២៣៣,៨៣៦ ឯកសារ ដែលស្មើនឹងជិត ២,៤ លានទំព័រ ជាបីភាសា (ខ្មែរ អង់គ្លេស បារាំង)៕

 

Leave A Reply

Your email address will not be published.