អាមេរិកនឹងផ្តល់ជំនួយមនុស្សធម៌២០៣លានដុល្លារទៀតដល់ស៊ូដង់!
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) លោកស្រី Linda Thomas-Greenfield បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សហរដ្ឋអាមេរិកនឹងផ្តល់ថវិកាបន្ថែមចំនួន ២០៣លានដុល្លារ ដើម្បីជួយដល់ជនស៉ីវិលរាប់លាននាក់ ដែលរងផលប៉ះពាល់ ដោយសារតែសង្រ្គាមក្នុងប្រទេសស៊ូដង់ ហើយអំពាវដល់ប្រទេសផ្សេងទៀត ឱ្យធ្វើដូច្នេះដែរ។
លោកស្រី Thomas-Greenfield បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «នេះជាគឺវិបត្តិមនុស្សធម៌ដ៏អាក្រក់ នៃពិភពលោក»។ លោកស្រី Thomas-Greenfield បន្ថែមថា «ទំហំនៃវិបត្តិនេះកាន់តែរីកធំ។ ប្រជាជនកំពុងបរិភោគអាហារគ្មានអនាម័យ ដើម្បីរស់រានមានជីវិត។ យើងត្រូវតែបន្តប្រយុទ្ធប្រឆាំង ដើម្បីប្រជាជនស៊ូដង់»។
មូលនិធិនេះ នឹងជួយដល់ជនស៉ីវិល ទាំងនៅក្នុងប្រទេសស៊ូដង់ និងអ្នកដែលបានភៀសខ្លួនទៅកាន់ប្រទេសជិតខាងស៊ូដង់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីខែមេសា ឆ្នាំ ២០២៣ រវាកងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា (RSF)។
តាមរបាយការណ៍របស់ UN មនុស្សជិត ២៥លាននាក់ ឬស្មើនឹងពាក់កណ្តាល នៃប្រជាជនស៊ូដង់ ត្រូវការជំនួយ ហើយគ្រោះទុរ្ភិក្សកំពុងកើនឡើង ហើយប្រជាជន ១០លាននាក់ បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈជាង ២.២លាននាក់ក្នុងចំណោនោះ បានភៀសខ្លួនចេញពីប្រទេស។
គួរបញ្ជាក់ថា ថវិកាបន្ថែមនេះ នឹងនាំឱ្យជំនួយមូលនិធិរបស់សហរដ្ឋអាមេរិក សម្រាប់ជនស៉ីវិលនៅក្នុងប្រទេសស៊ូដង់ ឆាដ អេហ្ស៉ីប និងស៊ូដង់ខាងត្បូង កើនឡើងដល់ ១.៦ពាន់លានដុល្លារ គិតចាប់តាំងពីការផ្ទុះសង្រ្គាម៕