កម្ពុជាគ្រោងរៀបចំក្រុងថ្មីបែងចែកឱ្យដាច់រវាងតំបន់ពាណិជ្ជកម្មនិងតំបន់សប្បាយ ចៀសវាងផលរំខានដល់ការរស់នៅរបស់ពលរដ្ឋ!
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បង្ហើបគម្រោងរៀបចំក្រុងថ្មី តែត្រូវកំណត់ឲ្យច្បាស់តំបន់ពាណិជ្ជកម្ម តំបន់រស់នៅ និងតំបន់សប្បាយដ្ឋាន ចៀសវាងផលរំខានដល់ការរស់នៅរបស់ពលរដ្ឋ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅបានបង្ហើបអំពីគម្រោងក្នុងការរៀបចំក្រុងថ្មី ដោយត្រូវកំណត់ឲ្យបានច្បាស់លាស់តំបន់ពាណិជ្ជកម្ម តំបន់រស់នៅ និងតំបន់សប្បាយដ្ឋានផ្សេងៗ មិនឲ្យនៅប្រមូលផ្ដុំគ្នានោះឡើយ ចៀសវាងផលរំខាន់ដល់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។ការបង្ហើបពីគម្រោង ក្នុងកំណត់ទីតាំងដោយចែកឲ្យដាច់ ពីតំបន់ពាណិជ្ជកម្ម តំបន់រស់នៅ និងតំបន់សប្បាយដ្ឋាននេះ ធ្វើឡើងបន្ទាប់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មើលឃើញថា នៅពេលបច្ចុប្បន្ននេះ តំបន់ទាំងអស់នោះ បានប្រមូលផ្ដុំគ្នាដោយមិនមានការកំណត់ច្បាស់លាស់។ដូច្នេះ ក្នុងករណីក្រុងថ្មីត្រូវបានបង្កើត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវរៀបចំផែនការមេ ក្នុងការកំណត់នេះ។
សម្តេចធិបតីបានបង្ហើបបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
បើទោះបីមិនទាន់បង្ហើបថា ក្រុងថ្មីត្រូវបានបង្កើន នៅតំបន់ណាក្ដី។ ប៉ុន្ដែ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំទៀតថា ទាំងការរៀបចំសោភ័ណ្ឌភាព និងរៀបចំផ្លូវសម្រាប់ធ្វើចរាចរណ៍ ឲ្យបានធំទូលាយ ពិសេសផ្លូវសម្រាប់រថយន្ដក្រុងដែលធ្វើដំណើរជារួម មិនអាចតូចដូចផ្លូវសម្រាប់មធ្យោបាយឯកជននោះទេ ពោលការរៀបចំគន្លងផ្លូវឲ្យបានធំ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍៕