ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ១ឆ្នាំ ២០២៤ និងទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ ២០២៥

0

 

កំពង់ចាម ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ១ឆ្នាំ ២០២៤ និងទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ ២០២៥ ស្ថិតនៅទីស្នាក់សាខាខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី ជាហេរញ្ញឹក លេខាធិការ  សមាជិក សមាជិកា គណៈកម្មាធិការសាខា នាយក នាយករង និង មន្ត្រីក្រុមប្រតិបត្តិសាខា សរុបចំនួន ១៩នាក់។

អង្គប្រជុំ បានតាមដានស្តាប់ នូវ ៖
១,របាយការណ៍សង្ខេប ស្តីពីលទ្ធផលសកម្មភាពការងារ ឆ្នាំ ២០២៤ និងទិសដៅការងារបន្ត របស់សាខា ឆ្នាំ ២០២៥
២, របាយការណ៍ ស្តីពីស្ថានភាពហរញ្ញវត្ថុ ចំណូល ចំណាយ ថវិកា ( គិតត្រឹមថ្ងៃទី ២៧-១២-២០២៤) របស់សាខា ឆ្នាំ ២០២៤
៣ -ពិនិត្យ ពិភាក្សា និងអនុម័ត លើ ផែនការអភិវឌ្ឍសកម្មភាពការងារ របស់សាខា ឆ្នាំ ២០២៥ ។
៤- ពិភាក្សា និងអនុម័តលើ ៖
ក- គោលការណ៍រួម ស្តីពី ការកំណត់របបឧបត្ថម្ភជូន ជនរងគ្រោះ និងជនងាយរងគ្រោះ
ខ- សេចក្តីសម្រេច ស្តីពីរបបប្រជុំប្រចាំត្រីមាស ឆ្នាំ ២០២៥ របស់គណ:កម្មាធិការសាខា
គ- សេចក្តីសម្រេច ស្តីពី របបប្រជុំប្រចាំខែ ឆ្នាំ២០២៥ របស់ ក្រុមប្រតិបត្តិសាខា។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាង សកម្ម ធ្វើជាសេនាធិការអោយគណៈ កម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើអោយវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ១២ខែ ឆ្នូ ក្នុងស្ថានភាពដែលសេដ្ឋកិច្ចសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា មានដំណើរការល្អប្រសើរ ដែលបង្កភាពអនុគ្រោះច្រើនដល់សាខា ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ រហូតសម្រេចបានលទ្ធផល គួរជាទីមោទនភាព  ពិសេស ការលើកកំពស់សកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខា – ការថែទាំសុខភាពសហគមន៍- ការអប់រំផ្សព្វផ្សាយ ស្តីពី ការចូលរួមលើកកំពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន – ការបណ្តុះបណ្តាលជាមូលដ្ឋានដល់យុវជន អ្នកស្ម័គ្រចិត្ត កក្រក -ការកសាងភាពធន់សហគមន៍ – ការអភិវឌ្ឍន៍ស្ថាប័ន – ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលា  ស្របតាមទិសស្លោក” ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពជា “។

មានប្រសាសន៍ក្នុងឱកាសបិទកិច្ចប្រជុំ ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹក និងជម្រុញដល់គណ:កម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិ អំពីការងារមួយចំនួន សម្រាប់ អនុវត្តបន្ត ពិសេស ត្រូវយកចិត្តទុកដាក់ ធ្វើអោយការផ្តល់សេវាកម្មមនុស្សធម៌កាន់តែប្រសើរជាងមុន ជួយអ្នកងាយរងគ្រោះបានច្រើនជាមុន និងប្រសិទ្ធភាពខ្ពស់ រួមជាមួយការកសាងកម្លាំងនៅមូលដ្ឋានឲ្យកាន់តែរឹងមាំ ដើម្បីចូលរួមកសាងភាពធន់នឹងភាពរីកចម្រើននៅសហគមន៍ តាមវិធានអនាម័យស្អាត ៣យ៉ាង- បន្តសហការចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗ រួមជាមួយ ជំរុញការបណ្ដុះបណ្ដាលជាមូលដ្ឋាន ជូនយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលជាប្រតិបត្តិករ និងជាកម្លាំងចលករ មិនអាចខ្វះបាន ក្នុងការអនុវត្តវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា។  ទន្ទឹមនោះ ត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រង ចំណូល ចំណាយ  ការទូទាត់ អោយមាន តម្លាភាព និងគណនេយ្យភាព៕

Leave A Reply

Your email address will not be published.