មន្រ្តីនគរបាលខេត្តកំពង់ធំម្នាក់ត្រូវ ផ្អាកការងារបណ្ដោះអាសន្ន ក្រោយរងការចោទប្រកាន់ប្រើហិង្សាលើពលរដ្ឋ នៅស្រុកបារាយណ៍
ខេត្តកំពង់ធំ៖ មន្ដ្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានថ្នាក់លើហៅមកធ្វើការសួរនាំដើម្បីស្រាវជ្រាវបន្ដ និងផ្អាកការងារបណ្ដោះអាសន្ន ក្រោយយកការចោទប្រកាន់ប្រើហិង្សាលើពលរដ្ឋ។
យោងតាមសេចក្ដីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឃើញបណ្តាញសង្គម និងសារព័ត៌មានមួយចំនួនបានចុះផ្សាយនូវវីដេអូរឃ្លីប ដោយចោទប្រកាន់ ថា កាលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រើអំពើហិង្សាលើប្រជាពលរដ្ឋ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានចាត់តាំងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ចុះសហការជាមួយ អធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីធ្វើការស្រាវជ្រាវ និងបាននាំខ្លួនមន្ត្រីនគរបាលដែលទទួលរងការចោទ ប្រកាន់ខាងលើមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ និងបន្តនីតិវិធីស្រាវជ្រាវ ព្រម ទាំងផ្អាកការងារបណ្ដោះអាសន្ន។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក៏បានថ្លែងអំណរគុណចំពោះសាធារណជន អ្នកសាព័ត៌មាន និងបងប្អូននិយមលេងបណ្តាញសង្គម ដែលបានផ្ដល់ព័ត៌មានដល់សមត្ថកិច្ចក្នុងការចាត់វិធានការបង្ក្រាបបទល្មើសបានទាន់ពេលវេលា៕