អភិបាលខេត្តកំពង់ចាមដឹកនាំកិច្ចប្រជុំការរៀបចំពិធីស្រង់ព្រះអបអរឆ្នាំថ្មី!
កំពង់ចាម៖ លោក អ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាមនៅថ្ងៃទី១៦ មេសាឆ្នាំ២០២២នេះបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តរៀបចំប្រារព្ធពិធីស្រង់ព្រះនិងពិនិត្យវឌ្ឍនភាពនៃការលេង “សង្ក្រាន្តកំពង់ចាម” អស់រយៈពេល២ថ្ងៃកន្លងមក ប្រកបដោយភាពសប្បាយរីករាយ និងមានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ។
ដោយមានការឯកភាពពី លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត សម្រេចឱ្យមានការរៀបចំពិធីស្រង់ព្រះ ដើម្បីចូលរួមអបអរឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២៣ នៅខាងមុខសាលាខេត្តកំពង់ចាម ចាប់ពីម៉ោង៣:៣០នាទីរសៀលតទៅ។
ក្នុងកិច្ចប្រជុំនោះ អភិបាលខេត្តក៏បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចនៅតែ បន្តការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឱ្យបន្តចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំឱ្យបានខ្ជាប់ខ្ជួន។ជាពិសេសត្រូវពាក់ម៉ាស់ឱ្យបានជាប់ជាប្រចាំពេលមានការជួបជុំច្រើន។បើទោះមានការថមថយគួរឱ្យកត់សម្គាល់ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងក្របខណ្ឌទូទាំងខេត្ត និងទូទាំងប្រទេសក្តី៕