អាស៊ាន និងសហរដ្ឋអាមេរិក នឹងធ្វើកិច្ចប្រជុំកំពូលពិសេស នៅដ្ឋធានីវ៉ាស៊ីនតោន!
ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា «ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាសូមធ្វើសេចក្តីប្រកាសជូនជាព័ត៌មានថា អាស៊ាន និង សហរដ្ឋអាមេរិកនឹងធ្វើកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរទំនាក់ទំនងដៃគូសន្ទនាអាស៊ាន- សហរដ្ឋអាមេរិក ដែលមានវ័យ៤៥ឆ្នាំមកហើយ» ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នេះ កម្ពុជាបានប្រកាសថា អាស៊ាន និងសហរដ្ឋអាមេរិក នឹងធ្វើកិច្ចប្រជុំកំពូលពិសេស នៅដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខ នៅរដ្ឋធានីវ៉ាស៊ីនតោន ដែលការប្រជុំនេះនឹងរៀបចំជាការប្រជុំផ្ទាល់ មិនមែនតាមអនឡាញនោះទេ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញដោយភាគីកម្ពុជា ។
ប្រភពដដែលបានបន្តថា «នេះគឺជាកិច្ចប្រជុំកំពូលពិសេសលើកទី២ គិតពីឆ្នាំ២០១៦ ហើយជាការជួបប្រជុំគ្នាដោយផ្ទាល់មុខលើកទី១ សម្រាប់ថ្នាក់ដឹកនាំយើង គិតចាប់តាំងពីឆ្នាំ២០១៧ មក ។ ថ្នាក់ដឹកនាំអាស៊ាន និងប្រធានាធិបតី ចូ បែន និងពិភាក្សាគ្នាអំពីមធ្យោបាយ និងវិធីសាស្ត្រនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ដែលជាអាទីរួមមាន ការឆ្លើយតបនឹងជំង កូរីដ១៩ សន្តិសុខសុខភាពសកល ការផ្លាស់ប្តូរអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហ ប្រតិបត្តិការលំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងចំណងទាក់ទងរវាងប្រជាជន និងប្រជាជន ក៏ដូចជាការតភ្ជាប់ និងទំនាក់ទំនងសេដ្ឋកិច្ច។ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិកក៏នឹង ធ្វើការផ្លាស់ប្តូរយោបល់គ្នាផងដែរ អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួម» ។
នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្ត្រនេះ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិកនឹងដាក់ចេញនូវទិសដៅអនាគតនៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក ហើយនឹងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់ផលប្រយោជន៍រួមទៅវិញទៅមក នៃប្រជាជន អាស៊ាន និងប្រជាជនសហរដ្ឋអាមេរិក។ កិច្ចប្រជុំកំពូលពិសេសនេះ ក៏នឹងបញ្ជាក់ឡើងវិញផងដែរនូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរក្សាមជ្ឈភាព និងឯកភាពអាស៊ាន តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន ក៏ដូចជាដើម្បីបង្កើនជំនឿ និង ទំនុកចិត្តគ្នាទៅវិញទៅមក ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ ៕