កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនលោកផ្កាយ២ គឹម ណារិទ្ធិ និងស្រ្តីម្នាក់ ករណីឆបោកប្រាក់ ៥០ ម៉ឺនដុល្លារ
(ខេត្តកំពង់ឆ្នាំង) ៖ ជនសង្ស័យ ប្រុសស្រី២នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំេពង់ឆ្នាំងធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ និង លួចលក់អចលនវត្ថុរបស់អ្នកដ៏ទៃ និងករណី មិនគោរពសេចក្តីសម្រេចរបស់តុលាការ ។
ករណីឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចលើផ្លូវជាតិលេខ៥ព្រំប្រទល់ខេត្ត កំពង់ឆ្នាំង-ខេត្តកណ្តាល ក្នុងទឹកដីស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ គឹម ណារិទ្ធិ ភេទប្រុស អាយុ ៥៦ឆ្នាំ និងឈ្មោះ កែវ ស្រីវ៉ាង ហៅ ទេស មីនា ភេទស្រី អាយុ ៤៦ឆ្នាំ។
ឃាត់ខ្លួនជនសង្ស័យនេះដោយមានការសហការពីនាយកដ្ឋានបច្ចេកវិទ្យាក្រសួងមហាផ្ទៃ ។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យឈ្មោះ គឹម ណារិទ្ធិ និងឈ្មោះ កែវ ស្រីវ៉ាង ភេទស្រី បម្រុងទៅយកប្រាក់កក់ពីចិនលក់ដីខ្យល់ចំនួន ៥០០០០ ដុល្លារ ក្រោយទទួលបានព័ត៌មានភ្លាមក៏បានសហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បីចាប់ខ្លួនបុគ្គលទាំងពីរនាក់ខាងលើនេះភ្លាម។
ការចាប់ខ្លួនបុគ្គលពីរនាក់នេះ ក៏មានដីការចាប់ខ្លួនរបស់តុលាការខេត្តកំពង់ឆ្នាំងស្រាប់ផង។
ចំពោះការឃាត់ខ្លួនឈ្មោះ គឹម ណារិទ្ធិ និងកែវ ស្រីវ៉ាង នេះ គឺតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហ៊ុន ចំរើន ដោយ បុគ្គលទាំងពីរនេះ លួចយកដីដែលជាប់រក្សាការពារ និងលួចឃុបឃិតផ្តិតមេដៃពីឈ្មោះ នូ ណារ៉ុង ជាម្ចាស់ដីកំពុងជាប់ពន្ធនាគារនៅខេត្តកំពង់ឆ្នាំង ដើម្បីយកមកដើរលក់ និងបានឆបោកប្រាក់ឈ្មោះ ហ៊ុន ចំរើន ៤០ ម៉ឺនដុល្លារអាមេរិក។ មិនតែប៉ុណ្ណោះ ឈ្មោះ គឹម ណារិទ្ធ និងឈ្មោះ កែវ ស្រីវ៉ាង ថែមទាំង លួចយកទៅលក់បន្តអោយជនរងគ្រោះម្នាក់ទៀត ឈ្មោះ ទឹម សុខខេង ដោយបានទទួលប្រាក់កក់សរុប ៤០០០០ ដុល្លារអាមេរិក រួចក៏រត់គេចខ្លួនរហូតដល់បច្ចុប្បន្ននេះ។
ករណីឆបោកនេះ ឈ្មោះគឹម ណារិទ្ធិ និងឈ្មោះកែវ ស្រីវ៉ាងនេះ ក៏មិនមែនឆបោកប្រាក់គេលើកទី១ ដែល គឺឆបោកគេអស់ច្រើនដងច្រើនសារ មកហើយ៕