ឃាតករ ! យកឈើជ្រុង លួចវាយយុវជនម្នាក់ចំកញ្ចឹង ក បណ្ដាលឲ្យបាក់ក ស្លាប់ភ្លាមៗនៅថ្ងៃចូលឆ្នាំ !

0

(ខេត្តកណ្តាល) ៖ យុវជនម្នាក់ត្រូវបានជនសង្ស័យដែលធ្លាប់លេងបាល់ជាមួយគ្នាយកឈើជ្រុងលួចវាយពីក្រោយចំកញ្ចឹងកបណ្តាលឲ្យបាក់កដួលស្លាប់យ៉ាងរន្ធត់ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥ ល្ងាចចំថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរទី២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ នៅក្នុងវត្តអន្លង់ស្លែង ស្ថិតនៅភូមិអន្លង់ស្លែង ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។

តាមប្រភពព័ត៌មានបានអោយដឹងថា ករណីនេះមុនពេលកើតហេតុ យុវជនម្នាក់បានសុំឪពុកម្ដាយទៅដើរលេងជាមួយមិត្តភក្កិនៅថ្ងៃចូលឆ្នាំទី២ ឯវត្តអន្លង់ស្លែង លុះពេលធ្វើដំណើរមកដល់នៅកន្លែងកើតហេតុ ក៏បានចុះពីលើម៉ូតូដើរលេងជាមួយនឹងមិត្តភក្កិ ក្នុងបរិវេណវត្ត ហើយយុវជនរូបនោះកំពុងតែដើរ ក៏ស្រាប់តែមានយុវជនម្នាក់បានទាញយកដំបងឈើជ្រុងមួយ មកវាយចំកញ្ចឹងកពីក្រោយមួយទំហឹងបណ្ដាលឲ្យយុវជនរូបនោះបាក់កស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

តាមប្រភពនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា ឃាតករដែលវាយសម្លាប់យុវជនខាងលើ គឺជាអ្នកធ្លាប់ស្គាល់គ្នាធ្លាប់លេងបាល់ជាមួយនឹងជនរងគ្រោះ ដោយកាលពីមុនពេលចូលឆ្នាំ អ្នកទាំងពីរបានលេងបាល់ជាមួយគ្នា ហើយពេលនោះក៏បានឈ្លោះប្រកែកគ្នារឿងលេងបាល់ ហើយក៏បានបង្កជាហិង្សាបន្តិចបន្តួចនៅព្រឹកថ្ងៃនោះផងដែរ ហើយអ្នកលេងជាមួយក៏បានឃាត់និងសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿង តែមិននឹកស្មានថា ជនដៃដល់នៅចងគំនុំ រហូតលួចវាយសម្លាប់ជនរងគ្រោះ ស្លាប់យ៉ាងអាណោចអាធ័មដូច្នេះសោះ។

ឃាតករត្រូវបានគេស្គាល់ថា ឈ្មោះ ហ៊ាន ម៉េងហាប់ អាយុ២៥ឆ្នាំ រស់នៅភូមិអន្លង់ស្លែង ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល រីឯជនរងគ្រោះមានឈ្មោះ សំបូរ រតនា អាយុ២៤ឆ្នាំ រស់នៅភូមិអំពិលទឹក ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ក្រោយពេលកើតហេតុខាងជនបង្កបានរត់គេចខ្លួនបាត់ស្រមោល ។

ករណីនេះជនដៃដល់កំពុងតាមប្រមាញ់ដោយសមត្ថកិច្ចជំនាញ ៕

Leave A Reply

Your email address will not be published.