ក្រសួងប្រកាសថា៖ សាប៊ូលម្អងក្បាលល្មៀតខ្មែរ របស់ពូឈឹម មានផ្ទុកសារធាតុគីមី!
(ភ្នំពេញ)៖ក្រសួងសុខាភិបាល បានរកគ្រឿងសម្អាងឈ្មោះ«សាប៊ូលម្អងក្បាលល្មៀតខ្មែរ» របស់គ្រឹះស្ថានអាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាងភ្នំទ្រទ្រង់ ខេមបូឌា ដែលមាន លោក វ៉ាន់ ឈុនឡន ហៅ ពូឈឹម ជាប្រធាន ។
មានផ្ទុកសារធាតុគីមីបារត លើសកម្រិតបទដ្ឋានស្តង់ដាបច្ចេកទេសកំណត់ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពស្បែកនិងអាយុជីវិតរបស់អ្នកប្រើប្រាស់ ។
នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្តីពី ការហាមឃាត់ចែកចាយឬលក់គ្រឿងសម្អាងឈ្មោះ សាប៊ូលម្អងក្បាលល្មៀតខ្មែរ គ្មានលេខប្រវេទន៍និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ។
យោងតាមសេចក្តីជូនព័ត៌មាននោះ ក្រសួងសុខាភិបាល បញ្ជាក់ថា៖ តាមលទ្ធផលនៃការត្រួតពិនិត្យគុណភាពដោយមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលនៃក្រសួងសុខាភិបាល គឺ គ្រឿងសម្អាងឈ្មោះ «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ដែលកំពុងចែកចាយដោយគ្រឹះស្ថាន អាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាងភ្នំទ្រទ្រង់ ខេមបូឌា មានផ្ទុកធាតុគីមីបារត លើសកម្រិតបទដ្ឋានស្តង់ដាបច្ចេកទេសកំណត់ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពស្បែកនិងអាយុជីវិតរបស់អ្នកប្រើប្រាស់ ។
ចំពោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាងភ្នំទ្រទ្រង់ ខេមបូឌា ដែលកំពុងចែកចាយផលិតផលនេះ ត្រូវធ្វើការប្រមូល «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» ទាំងអស់ពីទីផ្សារដើម្បីធ្វើការកម្ទេចចោល ។
ក្រសួងសុខាភិបាល នឹងបន្តតាមដានផលិតផលនេះនៅលើទីផ្សារជាបន្តទៀត និង មានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះបុគ្គលណាដែលនៅតែបន្តចែកចាយឬលក់ផលិតផលខាងលើនេះទៅតាមច្បាប់ស្ដីពីច្បាប់វិសោធនកម្មការគ្រប់គ្រងឱសថជាធរមាន ។
ក្រសួងសុខាភិបាល ក៏សូមអំពាវនាវឲ្យអ្នកប្រើប្រាស់ ត្រូវបញ្ឈប់ការប្រើប្រាស់សាប៊ូ «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» ដែលគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាលជាបន្តទៀត ព្រោះផលិតផលនេះពុំមានសុវត្ថិភាពចំពោះអ្នកប្រើប្រាស់ឡើយ៕