ឈើហ៊ុបមូលនឹងឈើអារមួយចំនួនធំត្រូវបានលោក សេង លាង ដឹកនាំកម្លាំងចម្រុះបង្ក្រាប
(ព្រះវិហារ) ៖ ឈើហ៊ុបមូលចំនួន20ដុំនឹងឈើអារមួយចំនួនទៀត ដែលក្រុមឈ្មួញដឹកចេញពីព្រៃយកមកលាក់ទុកតាមផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិពោធិទៀបឃុំម្លូព្រៃ1 ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានលោកសេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប សហការជាមួយកម្លាំងអាវុធហត្ថស្រុកនឹងកម្លាំប៉ុស្តិរដ្ឋបាលនគរបាលឃុំម្លូព្រៃ1ចុះបង្ក្រាប ប្រតិបត្តិការនេះបានធ្វើលើងកាលពីរសៀលថ្ងៃទី19ខែមេសា ឆ្នាំ2022 ។
លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែបបានអោយដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍របស់អ្នកសាព័ត៍មានប្រចាំខេត្តព្រះវិហារមកថា មានឈើហ៊ុបមូលនឹងឈើអារមួយចំនួននៅតាមផ្ទះប្រជាពលរដ្ឋ លោកបានសុំគោលការពីលោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ ដើម្បីមានវិធានការ លោក នួន សុខុម បានបញ្ជាទៅលោក សេង លាង អោយដឹកនាំកម្លាំងនឹងមានវិធានការច្បាប់ ។
លោក សេង លាង បានបន្តថា ក្រុមឈ្មួញរកសុីដឹកជញ្ជូនឈើខុសច្បាប់ មានល្បិចកលខ្ពស់ណាស់ ដឹកឈើចេញពីព្រៃយកមកទុកតាមផ្ទះប្រជាពលរដ្ឋរកឱកាសល្អដឹកបន្តទៅខេត្តផ្សេងទៀត មួយចំនួនទៀតដើរប្រមូលទិញឈើយកទៅធ្វើផ្ទះទុកចោល (ផ្ទះគ្រោង) ខ្លះទៀតយកឈើទៅត្រាំទឹកឬលាបសុីមង្កត៍បន្លំជាឈើផ្ទះចាស់ ទោះបីពួកឈ្មួញមានល្បិចកលបែបណាក៍ដោយនៅតែជាប់អន្ទាក់សមត្ថកិច្ចជំនាញនៅក្នុងខែមិនានឹងខែមេសានេះសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើឆែប ក្រោមការចង្អុលបង្ហាញពីលោកនួន សុខុម បទល្មើសព្រៃឈើ ស្តុកទុក ដឹកជញ្ជូនត្រូវបង្ក្រាបបានជាបន្តបន្ទាប់ ។
វត្ថុតាងឈើហ៊ុបមូលចំនួន20ដុំរួមទាំងឈើអារមួយចំនួន ត្រូវបានដឹកជញ្ជូនយកមករក្សាទុកនៅថ្នាលបណ្តុះកូនឈើផ្នែកឆែប ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់ ៕