ហាងកាហ្វេបង្កប់ល្បែងស៊ីសងបញ្ជល់មាន់តាមអនឡាញ និងម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ចបង្រ្កាបចាប់ខ្លួន !
(ភ្នំពេញ) ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវ បានឆ្មក់បង្ក្រាបហាងកាហ្វេបង្កប់ល្បែងស៊ីសងបញ្ជល់មាន់តាមទូរទស្សអនឡាញមួយកន្លែង និងឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ព្រមទាំងដកហូតវត្ថុតាងមួយចំនួន ។
ប្រតិបត្តិការនេះធ្វើឡើង នៅវេលាម៉ោង១១និង២០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្ទះល្វែងតាមបណ្ដោយផ្លូវជាតិលេខ៥ ជិតភ្លើងស្តុបផ្សារតូច ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ក្រោយទទួលបានព័ត៌មាន និងសេចក្ដីរាយការណ៍ ហើយ មានការអនុញ្ញាតពីលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានចាត់ឱ្យមន្ត្រីជំនាញនៃគណៈបញ្ជាការឯកភាពខណ្ឌ បន្តស្រាវជ្រាវស៉ើបអង្កេត រហូតឆ្មក់ចុះបង្ក្រាបជាក់ស្ដែងតែម្ដង ដោយដកហូតទូរទស្សន៍ សម្ភារសម្រាប់ ចាក់បញ្ចាំងល្បែងស៉ីសងតាមអនឡាញនេះ។
ឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ជាបុរសនាំខ្លួនទៅប៉ុស្តិ៍ទួលសង្កែទី១ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី។
ចំណែកអ្នកលេងនិងផឹកកាហ្វេជាង១០នាក់ត្រូវបានអាជ្ញាធរធ្វើការអប់រំនិងឱ្យត្រឡប់ទៅផ្ទះវិញ ៕