សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ

0

នៅទីក្រុងកូម៉ាម៉ូតូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ​ ឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅមុនកិច្ចប្រជុំកំពូលស្ដីអំពីបញ្ហាទឹកតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៤។

នៅក្នុងជំនួបនោះ សម្ដេចតេជោ​ ហ៊ុន សែន ពិតជារីករាយដែលបានជួបជាមួយនឹង​ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវសារជាថ្មីម្ដងទៀត បន្ទាប់ពីបានជួបនៅទីក្រុងភ្នំពេញនាពេលកន្លងមក។ នាយករដ្ឋមន្ត្រីនៃទាំងពីរក៏បានជូនពរគ្នាទៅវិញទៅមកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅថ្មីៗនេះដែលប្រទេសទាំងពីរបានប្រារព្វឡើងដូចគ្នា។

ក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ពីការសន្យាក្នុងការផ្ដល់ជំនួយ ជាពិសេសជាជំនួយរថយន្តផ្នែកវេជ្ជសាស្ត្រ ដែលបានដោះស្រាយដល់រដ្ឋាភិបាលឡាវរួចមកហើយនោះ។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានអរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី នូវអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានជួយដល់រដ្ឋាភិបាលឡាវ ដូចជាការជួយផ្ដល់នូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ជារថយន្តដឹកវ៉ាក់សាំង covid 19 រួមទាំងថវិកាមួយចំនួនទៀតផងដែរ ដើម្បីដោះស្រាយ និងទប់ស្កាត់ផលប៉ះពាល់ដោយសារជំងឺកូវីដ19នេះ។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានមានប្រសាសន៍ថា អ្វីដែលយើងបានពិភាក្សាក្នុងជំនួបនៅទីក្រុងភ្នំពេញនោះ ពេលនេះរដ្ឋាភិបាលទាំងពីរកំពុងជំរុញការអនុវត្តជាបន្តបន្ទាប់។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ប្រជាជនឡាវក៏បានសម្ដែងនូវការពេញចិត្តចំពោះអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានជួយដល់រដ្ឋាភិបាលឡាវនារយៈពេលកន្លងមក ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី១៩ នេះ។

ឯកឧត្តម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh)​ ក៏បានមានប្រសាសន៍អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយ ឯកឧត្តមបានប្ដេជ្ញាចិត្តក្នុងការអនុវត្ត អ្វីជាសេចក្តីសម្រេច ដែលបានឯកភាពគ្នានាពេលកន្លងមក ជាពិសេសការបញ្ចប់នូវឯកសារមេពាក់ព័ន្ធទៅនឹងព្រំដែននៃប្រទេសទាំងពីរ។ ឯកឧត្តមក៏បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសទាំងពីរ ហើយឯកឧត្តមបានស្នើសុំឲ្យកម្ពុជាបន្តក្នុងការផ្លាស់ប្ដូរមតិយោបល់គ្នាទៅវិញទៅមក។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានមានប្រសាសន៍ គាំទ្រចំពោះការបោះឆ្នោតឃុំសង្កាត់នៅក្នុងប្រទេសកម្ពុជាដែលនឹងប្រព្រឹត្តទៅនៅខែមិថុនានាពេលខាងមុខនេះ ។ ឯកឧត្តម បានថ្លែងនូវការស្វាគមន៍ចំពោះដំណើរអញ្ជើញបំពេញទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នាពេលខាងមុខទៅកាន់ប្រទេសឡាវ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នេះ គឺជាជំនួបមួយដែលមានសារៈសំខាន់ក្នុងនាមជាប្រទេសជិតខាង ក្នុងនាមប្រទេសបងប្អូនគ្នា ហើយកន្លងទៅថ្មីៗនេះប្រទេសយើងទាំងពីរក៏បានជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីទៅវិញទៅមក។ សម្ដេចតេជោពិតជារីករាយដែលបានមើលឃើញពីលទ្ធផលអ្វីដែលយើងបានអនុវត្តនិងសម្រេចជាមួយគ្នាកន្លងមកនេះ ហើយទាំងអស់នេះ នឹងធ្វើអោយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែប្រសើរឡើងបន្ថែមទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា សម្ដេចពិតជាមានមោទនភាពចំពោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោក៏បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ដើម្បីអោយត្រៀមរៀបចំនូវឯកសារពាក់ព័ន្ធសម្រាប់កិច្ចប្រជុំខាងមុខនៅពេលដែលសម្ដេចអញ្ជើញបំពេញទស្សនៈកិច្ចទៅកាន់ប្រទេសឡានោះ ។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវបានឯកភាពទាំងស្រុងនូវអ្វីដែលសម្តេចតេជោបានមានប្រសាសន៍លើកឡើង ជាពិសេសទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគី ហើយឯកឧត្តមក៏បានអបអរសាទរចំពោះកម្ពុជាដែលទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ និងបានដើរតួនាទីយ៉ាងសកម្មក្នុងការដឹកនាំអាស៊ានកន្លងទៅនេះ។

ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវបានមានប្រសាសន៍លើកឡើងទៀតថាឯកឧត្តមនឹងគ្រោងទៅទស្សនកិច្ចនៅខេត្តពីរដែលជាប់ព្រំដែនកម្ពុជា ជាពិសេសខេត្តចំប៉ាសាក់ និងចំប៉ាលើ ក្នុងគោលបំណងដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការ ខេត្តនិងខេត្ត និងបណ្ដាព្រំប្រទល់ជាមួយកម្ពុជា ដើម្បីបញ្ជាក់ពីគោលនយោបាយរបស់ប្រទេសទាំងពីរ ក្នុងការជំរុញលើកកម្ពស់​ និងបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ ។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏បានស្នើសុំឲ្យមានការសាងសង់ស្ពានតភ្ជាប់រវាងប្រទេសទាំងពីរផងដែរ ដើម្បីឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកាន់តែជិតស្និទ្ធនឹងគ្នា ក៏ប៉ុន្តែទាក់ទងនឹងការសាងសង់ស្ពាននេះ ឯកឧត្តមរង់ចាំការពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការឡាវសិន។ ហើយទាក់ទងទៅនឹងគម្រោងនៃការកសាងស្ពាននេះ សម្ដេចតេជោបានមានប្រសាសន៍ថា វាជារឿងដ៏ល្អបំផុត សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនង រវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរឡើង។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏បានស្នើឲ្យមានការផ្លាស់ប្ដូរទស្សនៈកិច្ច មេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ ហើយក្នុងនោះឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញ​ ឯកឧត្តម ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅប្រទេសឡាវនាពេលខាងមុខនេះ ។ ហើយជាការឆ្លើយតប សម្ដេចតេជោ ក៏បានឯកភាពហើយបានមានប្រសាសន៍ថាជារឿងដ៏ល្អណាស់ដែល ឯកឧត្តមបានអញ្ជើញ​ មេបញ្ជាការកងទ័ពជើងគោក​ របស់កម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវនោះ គឺពិតជាមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនង រវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

Leave A Reply

Your email address will not be published.