ប៉ូលិសក្រុងប៉ារីសបាញ់សម្លាប់មនុស្ស២នាក់ក្នុងរថយន្តក្នុងថ្ងៃបញ្ចប់ការបោះឆ្នោត!
ប្រភពពីប៉ូលីសបានប្រាប់ AFP នៅល្ងាចថ្ងៃអាទិត្យនៃការបោះឆ្នោតប្រធានាធិបតីបារាំង ថា ប៉ូលីសក្រុងប៉ារីស បានបើកការបាញ់ប្រហារទៅលើរថយន្តមួយគ្រឿងដែលកំពុងបើកឆ្ពោះទៅរកពួកគេ ដោយបានសម្លាប់ជនសង្ស័យពីរនាក់នៅខាងក្នុងរថយន្ត។
យោងតាមប្រភពព័ត៌មានពីប៉ូលីសដដែល បានឲ្យដឹងថា រថយន្តនេះបានបើកបរបញ្ច្រាស់ទិសចរាចរណ៍នៅលើដងទន្លេ Pont Neuf នៅពេលនោះ រួចបានបើកយ៉ាងលឿនសំដៅមករកមន្ត្រីប៉ូលីស។
ប្រភពដដែលបានបន្តថា អ្នកបើករថយន្ត២នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ខណៈអាជ្ញាធរ បានបើកការស៊ើបអង្កេតមួយ ចំពោះហេតុការណ៍នេះផងដែរ។
គួរជម្រាបថា ឧបទ្ទវហេតុនេះបានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីបារាំង Emmanuel Macron បានឈ្នះការបោះឆ្នោតឡើងវិញ ដោយបានយកឈ្នះគូប្រជែង លោកស្រី Marine Le Pen នៅក្នុងការប្រណាំងប្រជែងដែលមើលឃើញថាអ្នកស្តាំនិយមមកជិតបំផុតក្នុងការកាន់អំណាចទៅហើយ៕