មនុស្ស១០នាក់បានស្លាប់ក្រោយទូកទេសចរណ៍លិចខណៈអ្នកផ្សេងទៀតនៅបាត់ខ្លួននៅជប៉ុន!
តូក្យូ៖ ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យ (២៤ មេសា) បានបញ្ជាក់ថា មនុស្សយ៉ាងតិច ១០ នាក់បានស្លាប់ បន្ទាប់ពីទូកទេសចរណ៍មួយបានលិចក្នុងមួយថ្ងៃមុននេះ ខណៈដែលការស្វែងរកអ្នកផ្សេងទៀតនៅតែបន្ត។
អ្នកនាំពាក្យឆ្មាំសមុទ្របានប្រាប់ AFP ថា យើងបានបញ្ជាក់ពីការស្លាប់របស់មនុស្សទាំង ១០ នាក់ ដែលរហូតមកដល់ពេលនេះ ត្រូវបានគេស្រង់ចេញពីទូកទេសចរណ៍ Kazu I ។
ក្នុងប្រតិបត្តិការនេះ អាជ្ញាធរកំពុងប្រើប្រាស់យន្តហោះ និងកប៉ាល់ល្បាត រួមទាំងកប៉ាល់ ៧ គ្រឿង យន្តហោះ ៣ គ្រឿង និងឧទ្ធម្ភាគចក្រ ៤ គ្រឿងពីឆ្មាំឆ្នេរសមុទ្រ ដើម្បីស្វែងរកមនុស្ស ១៦ នាក់ដែលនៅសល់ ។
គួរជម្រាបថា ទូកទេសចរណ៍នេះ មានអ្នកដំណើរសរុប ២៤ និងសមាជិកនាវិកពីរនាក់ ក្នុងនោះអ្នកដំណើរពីរនាក់ជាកុមារ៕