រុស្សុីព្រមានថា សង្គ្រាមលោកលើកទី 3 អាចនឹងផ្ទុះឡើងប្រសិនបើពួកលោកខាងលិចនៅតែបន្តលូកដៃ!
រុស្ស៊ីបានព្រមានពីការគំរាមកំហែង “ពិតប្រាកដ” នៃសង្គ្រាមលោកលើកទី 3 ដែលផ្ទុះឡើងនៅមុនកិច្ចប្រជុំនៅថ្ងៃអង្គារ (26 មេសា) រវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការបញ្ជូនអាវុធបន្ថែមទៀត ទៅកាន់អ៊ុយក្រែនដែលកំពុងហែកហួរដោយសង្រ្គាម។
ការលុកលុយរបស់ទីក្រុងមូស្គូទៅលើប្រទេសជិតខាងរបស់ខ្លួន បានបង្កឱ្យមានការផ្ទុះការគាំទ្រយ៉ាងខ្លាំងពីបណ្តាប្រទេសលោកខាងលិច ក៏ដូចជាការបញ្ជួនអាវុធចូលទៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីជួយធ្វើសង្គ្រាមប្រឆាំងនឹងកងទ័ពរុស្ស៊ី។
ប៉ុន្តែ មហាអំណាចលោកខាងលិចមានការស្ទាក់ស្ទើរ ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវការចូលរួមរបស់ពួកគេ ដោយសារតែការភ័យខ្លាចនៃការបង្កឱ្យមានជម្លោះប្រឆាំងនឹងប្រទេសរុស្ស៊ីដែលជាប្រទេសពោពេញទៅដោយអាវុធនុយក្លេអ៊ែរ។
ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានព្រមានថា ហានិភ័យនៃសង្គ្រាមលោកលើកទី៣ “គឺធ្ងន់ធ្ងរ” ហើយបានរិះគន់វិធីសាស្រ្តរបស់ទីក្រុង Kyiv ចំពោះការចរចាសន្តិភាពដែលមានភាពច្របូកច្របល់។
គួរបញ្ជាក់ថា អស់ជាច្រើនខែមកហើយ ដែលប្រធានាធិបតី Volodymyr Zelenskyy បាននឹងកំពុងស្នើសុំឱ្យសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែនសម្រាប់សព្វាវុធធុនធ្ងន់ រួមទាំងកាំភ្លើងធំ និងយន្តហោះចម្បាំង ដោយប្តេជ្ញាថាកងកម្លាំងរបស់គាត់ អាចយកឈ្នះសង្រ្គាមនេះ។
យ៉ាងណាមិញ ការអំពាវនាវនេះ ហាក់ដូចជាមានសន្ទុះឡើងវិញនៅពេលនេះ ដោយប្រទេសជាច្រើននៃអង្គការណាតូ បានសន្យាថានឹងផ្តល់អាវុធធុនធ្ងន់ និងឧបករណ៍ជាច្រើន បើទោះបីជាមានការតវ៉ាពីទីក្រុងមូស្គូក៏ដោយ៕