សហរដ្ឋអាមេរិក គ្រោងផ្តល់ជំនួយជាទឹកប្រាក់ 33 ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រអ៊ុយក្រែន!
លោកប្រធានាធិបតី Joe Biden បានស្នើសុំសភាអាមេរិកចំនួន 33 ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន ដែលជាការកើនឡើងយ៉ាងខ្លាំងនៃមូលនិធិរបស់សហរដ្ឋអាមេរិកសម្រាប់សង្រ្គាមប្រឆាំងនឹងប្រទេសរុស្ស៊ី ហើយប្រធានាធិបតីអ៊ុយក្រែនបានអង្វរសមាជិកសភាឱ្យផ្តល់សំណើនេះឱ្យមានការអនុម័តយ៉ាងឆាប់រហ័ស។
សំណើផ្តល់មូលនិធិរួមមានជាង 20 ពាន់លានដុល្លារអាមេរិកសម្រាប់អាវុធ គ្រាប់រំសេវ និងជំនួយយោធា ជំនួយសេដ្ឋកិច្ចផ្ទាល់ចំនួន 8.5 ពាន់លានដុល្លារអាមេរិកដល់រដ្ឋាភិបាលអ៊ុយក្រែន និងជំនួយមនុស្សធម៌ចំនួន 3 ពាន់លានដុល្លារអាមេរិក។
លោក Biden បាននិយាយនៅឯសេតវិមានបន្ទាប់ពីបានចុះហត្ថលេខាលើសំណើកាលពីថ្ងៃព្រហស្បតិ៍ថា “យើងត្រូវការច្បាប់នេះដើម្បីគាំទ្រអ៊ុយក្រែនក្នុងការប្រយុទ្ធដើម្បីសេរីភាព” “តម្លៃនៃការប្រយុទ្ធនេះ – វាមិនថោកទេ ប៉ុន្តែការធ្វើឱ្យមានការឈ្លានពាននឹងមានតម្លៃថ្លៃជាង” ។
គួររំលឹកថា សហរដ្ឋអាមេរិកបានច្រានចោលការបញ្ជូនកងកម្លាំងរបស់ខ្លួន ឬណាតូទៅកាន់អ៊ុយក្រែន ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនបានផ្គត់ផ្គង់អាវុធដល់ទីក្រុងគៀវ ដូចជាយន្តហោះគ្មានមនុស្សបើក កាំភ្លើងធំ Howitzer ប្រឆាំងយន្តហោះ Stinger និងមីស៊ីលប្រឆាំងរថក្រោះ Javelin៕