ស៊ុយអែត ច្រានចោលគំនិតធ្វើប្រជាមតិ ជុំវិញផែនការស្នើសុំចូលជាសមាជិក ណាតូ!
នាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី Magdalena Andersson បាននិយាយនាថ្ងៃសុក្រនេះថា រដ្ឋាភិបាលស៊ុយអែត មិនមានគម្រោងធ្វើប្រជាមតិទេ បើទោះជាសភារបស់ខ្លួនសម្រេចចិត្តដំណើរការ ការស្នើសុំចូលជាសមាជិកអង្គការណាតូ (NATO) ជាផ្លូវការក៏ដោយ។
ការបញ្ជាក់របស់លោកស្រី ធ្វើឡើង ខណៈសភាស៊ុយអែតកំពុងពិនិត្យលើគោលនយោបាយសន្តិសុខ ជាមួយនឹងរបាយការណ៍ស្តីពី ការចូលជាសមាជិកអង្គការ NATO ដែលបានគ្រោងទុកនៅពាក់កណ្តាលខែឧសភាខាងមុខ។ ប៉ុន្តែព្រមពេលជាមួយគ្នា គណបក្សសង្គមប្រជាធិបតេយ្យ របស់លោកស្រីផ្ទាល់ ក៏កំពុងពិចារណាផងដែរថាតើត្រូវទម្លាក់ចោលការជំទាស់របស់ពួកគេ ជុំវិញសមាជិកភាពរបស់ស៊ុយអែតនៅឯអង្គការ NATO ដែរឬយ៉ាងណា ខណៈគណបក្សនេះកន្លងមកតែងតែប្រកាន់ជំហរជំទាស់នឹងការចូលជាសមាជិកបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ។
ថ្លែងមុខសារព័ត៌មាន លោកស្រី Andersson បានគូសបញ្ជាក់ថា “ការធ្វើប្រជាមតិ គឺជាគំនិតដ៏ខុសឆ្គងមួយ, ខ្ញុំគិតថាបញ្ហា គឺនៅចំពោះមុខ និងមិនចាំបាច់ត្រូវការការធ្វើប្រជាមតិនោះទេ”។
លោកស្រីបានបន្ថែមថា “ព័ត៌មានជាច្រើនអំពីសន្តិសុខជាតិ គឺជាការណ៍សម្ងាត់ ដូច្នេះវាមានបញ្ហា សំខាន់ដែលមិនអាចយកមកធ្វើប្រជាមតិបាន និងការពិតមួយចំនួនដែលមិនអាចយកមកដាក់លើតុពិភាក្សាបាន”។
គួរជម្រាបថា ប្រតិបត្តិការយោធារបស់រុស្ស៉ីដែលលោកខាងលិចហៅថាជាការឈ្លានពានលើអ៊ុយក្រែន បានបង្ខំឱ្យទាំងស៊ុយអែត និងហ្វាំងឡង់ ពិនិត្យឡើងវិញនូវគោលនយោបាយជាយូរមកហើយថា អព្យាក្រឹតភាពយោធាគឺជាមធ្យោបាយ ដ៏ល្អបំផុតក្នុងការធានាសន្តិសុខជាតិ ដោយប្រទេស ទាំងពីររំពឹងថានឹងធ្វើការសម្រេចចិត្ត នាប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីចូលជាសមាជិករបស់អង្គការ NATO៕