តុលាការដំបូងខេត្តស្វាយរៀង ចេញដីការកោះហៅ កូនស្រីលោកឧកញ៉ា លី ប៉ោយូ ឈ្មោះ ស៊ូ ស៊ី ទៅសាកសួរ!
ស្វាយរៀង៖ យោងតាមពាក្យបណ្តឹងចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ របស់ឈ្មោះ កុយ សុវណ្ណី ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង គឺបានចូលដល់សាលាដំបូងខេត្តនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ និងមានចុះលេខចូល ១២៨៣ ដែលខ្លឹមសារនៃពាក្យបណ្តឹងបានប្តឹងពីឈ្មោះ ស៊ូ ស៊ី ភេទស្រី អាយុប្រហែល២៥ឆ្នាំ រស់នៅក្នុងកាស៊ីណូពិភពថ្មី ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងបក្សពួក៣នាក់ទៀតមានឈ្មោះ ប្រុស, ឈ្មោះ ថន និងឈ្មោះ រ៉ា ថា បានប្រព្រឹត្តអំពើលួច និងប្រើអំណាចកៀបសង្កត់មកលើរូបលោកស្រីកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។
ខ្លឹមសារនៃពាក្យបណ្តឹងរៀបរាប់ទៀតថា កាលពីឆ្នាំ២០១៧ លោកស្រីបានទៅប្រកបរបរជាអ្នកលក់ភេសជ្ជៈនៅខាងច្រកទ្វារព្រំដែនបាវិត ដោយពុំមានអ្នកណាមកឲ្យបង់ប្រាក់ឡើយ។ រហូតដល់ឆ្នាំ២០១៩ ក៏មានកូនចៅរបស់ឧកញ៉ា លី ប៉ោយូ មកទាមទារឲ្យបង់ប្រាក់ក្នុងមួយខែ៤០០ដុល្លារ ប៉ុន្តែលោកស្រីពុំបានបង់ឲ្យទេ ព្រោះលោកស្រីប្រកបរបរនៅលើដីសាធារណៈរបស់រដ្ឋ មិនមែនជាដីចំណតបេនឡានរបស់ឧកញ៉ា លី ប៉ោយូ នោះទេ។ ស្រាប់តែនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ឈ្មោះ ស៊ូ ស៊ី ដែលត្រូវជាកូនស្រី ឧកញ៉ា លី ប៉ោយូ និងបក្សពួកបាននាំគ្នាមកប្រមូលយកឥវ៉ាន់របស់លោកស្រីដែលកំពុងលក់ដូរនោះមានដូចជា ធុងទឹកកកធំចំណុះ២០០លីត្រចំនួន២, ធុងដាក់ទឹកកកចំណុះ៦០លីត្រចំនួន១ និងភេសជ្ជៈក្នុងធុងមួយចំនួនទៀត។
តាមការឲ្យដឹងពីក្រុមអ្នករត់តាក់ស៊ីបានលើកឡើងថា បេនឡានក្រុងបាវិតកាលពីមុននៅខាងក្នុងឯណោះទេ លុះដល់ឆ្នាំ២០១២ ស្រាប់តែម្ចាស់បេន គឺលោកឧកញ៉ា លី ប៉ោយូ បានសាងសង់អគារ, ធ្វើផ្សាររាត្រី និងធ្វើតូបជួលទៅឲ្យជនបររទេស រហូតដល់ឆ្នាំ២០១៥ ក៏សង់អគារកាស៊ីណូ និងធ្វើផ្ទះជួលសងខាងសល់តែចន្លោះកណ្តាលតូចប៉ុនថ្នល់ រហូតអស់ទីតាំងចំណតបេនឡាន ហើយសព្វថ្ងៃអ្នកប្រកបមុខរបររត់តាក់ស៊ីត្រូវយកចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ ធ្វើជាចំណតតាក់ស៊ីវិញ និងបង់ថ្លៃបេនរថយន្តក្នុងមួយគ្រឿងចំនួន១ម៉ឺនរៀលជារៀងរាល់ថ្ងៃ។ ក្រុមអ្នកប្រកបរបររត់តាក់ស៊ីបានធ្វើការអំពាវនាវទៅដល់អាជ្ញាធរក្រុង និងខេត្ត មេត្តាចុះមកពិនិត្យមើលផង ព្រោះបេនឡានបានក្លាយជាអគារកាស៊ីណូ, ផ្ទះជួល, តូបជួលឲ្យជនបររទេសអស់ហើយ៕