ផ្ដើមពីការដោះដូរដីគ្នាសោះ បែរជាបុគ្គល ហ៊ឺ សុង ប្ដឹងលោក អ៊ុក រដ្ឋា ឱ្យក្លាយជារឿងព្រហ្មទណ្ឌទៅវិញ?!
(កណ្ដាល)៖ ជារឿងមិនសមទាល់តែសោះ សម្រាប់ចុងចោទ ខណៈដើមហេតុដំបូង ពួកគេដោះដូរដីគ្នា។ លុះចុងក្រោយ បែរជាដើមចោទ ប្ដឹងចុងចោទជា អគ្គនាយកក្រុមហ៊ុន ពីបទ៖”ឆបោក”ទៅវិញ?។
បណ្ដឹងនេះបានធ្វើឡើង ស្របពេលដែលដីរបស់ដើមចោទ ត្រូវបានអាជ្ញាធរខេត្តកណ្ដាល ។
សម្រេចដកហូតទុកជាសម្បត្តិសាធារណៈ”រដ្ឋ” ហើយចុងចោទ ក៍មិនព្រមផ្ទេរកម្មសិទ្ធដីខ្លួនឱ្យទៅដើមចោទវិញដែរ រហូតកើតជារឿងប្ដឹងផ្ដល់តែម្ដងទៅ។
ក្នុងរឿងរ៉ាវនេះដើមចោទឈ្មោះ ហ៊ឺ សុង ភេទប្រុសអាយុអាយុ៤០ឆ្នាំ នៅផ្ទះលេខ៦៩ ផ្លូវ០១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
រីឯចុងចោទគឺលោក អ៊ុក រដ្ឋា អគ្គនាយកក្រុមហ៊ុន”មហារដ្ឋាត្រឌីង”
មានទីលំនៅបច្ចុប្បន្ន នៅភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ទោះជាយ៉ាងណាក្ដី បណ្ដឹងរបស់ឈ្មោះ ហ៊ឺ សុង ត្រូវបានអយ្យការអមសាលាដំបូងខេត្តកណ្ដាល សម្រេចតម្កល់ទុកឥតចាត់ការ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។
ប៉ុន្តែដើមចោទប្ដឹងជំទាស់ទៅមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ។
ក្នុងនោះ មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ក៍បានចោទប្រកាន់លោក អ៊ុក រដ្ឋា ហើយចាត់បញ្ជូនសំណុំរឿងឱ្យចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាលបន្តនីតិវិធីទៀតផង។
បើតាមការបញ្ជាក់ពីលោក អ៊ុក រដ្ឋា ដំបូងឡើយ កាលពីឆ្នាំ២០២០ ឈ្មោះ ហ៊ឺ សុង បានផ្ទេរកម្មសិទ្ធដីនៅចំណុច”អាងទំនប់ប្រមូលខ្លា”ចំនួន១០ហិកតា ស្ថិតនៅឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ឱ្យមករូបលោក ។
ដែលមានតម្លៃសរុប ៣៥០.០០០$(សាបសិបប្រាំម៉ឺនដុល្លារ) ក្នុងនោះខ្លួន ក៍បានប្រគល់ប្រាក់ឱ្យឈ្មោះ ហ៊ឺ សុង មួយចំនួនផងដែរ ។
បន្ទាប់មកទៀតក៍មានការខ្វែងគំនិតគ្នាបន្តិចបន្តួចរវាងលោក និងឈ្មោះ ហ៊ឺ សុង ។
ដោយខ្ជិលទំនាស់វែងឆ្ងាយ លោក អ៊ុក រដ្ឋា សុខចិត្តដោះដូរ ដោយកាត់ដីស្រែប្រាំង របស់ខ្លួន ទំហំ២ហិកតា ស្ថិតនៅភូមិក្របៅ៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ឱ្យឈ្មោះ ហ៊ឺ សុង ដើម្បីបញ្ចប់បញ្ហា។
ខណៈដី២ហិកតានេះ តម្លៃសរុប ៤២០.០០០$(សែសិបពីរម៉ឺនដុល្លារ) ពោលគឺកាត់កងទូទាត់គ្នាទៅ ឈ្មោះ ហ៊ឺ សុង ត្រូវថែមលុយមកឱ្យលោក អ៊ុក រដ្ឋា ចំនួន១០ម៉ឺនដុល្លារវិញ។
តែជួបរឿងមិននឹកស្មានដល់ ស្របពេលលោក អ៊ុក រដ្ឋា កំពុងរត់ការផ្ទេរកម្មសិទ្ធដី២ហិកតា ឱ្យឈ្មោះ ហ៊ឺ សុង ។
បែរជាដីចំនួន១០ហិកតា នៅចំណុច”អាងទំនប់ប្រមូលខ្លា”ដែលឈ្មោះ ហ៊ឺ សុង ផ្ទេរកម្មសិទ្ធឱ្យខ្លួននោះ។
ត្រូវបានរដ្ឋបាលខេត្តកណ្ដាល សម្រេចដកហូតយកទៅរក្សាទុកជាសម្បត្តិរដ្ឋ ទើបលោក អ៊ុក រដ្ឋា ផ្អាកការផ្ទេរកម្មសិទ្ធ ដើម្បីរកដំណោះស្រាយប្រកបដោយការយោគយល់គ្នា។
មិនដូច្នេះអីស្រាប់តែឈ្មោះ ហ៊ឺ សុង ខឹងច្រឡោតតោតតូង ប្រមូលឯកសារកុងត្រា កំណត់ហេតុ និងការសន្យាទាំងនោះ!! មកប្ដឹងចោទប្រកាន់លោក អ៊ុក រដ្ឋា ថា«ឆបោក»ខ្លួនទៅវិញ ។
ក្នុងនោះបណ្ដឹងរបស់ ហ៊ឺ សុង ត្រូវបានអយ្យការអមសាលាដំបូងខេត្តកណ្ដាល សម្រេច”តម្កល់ទុកឥតចាត់ការ”។
ប៉ុន្តែមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានចោទប្រកាន់លោក អ៊ុក រដ្ឋា ហើយចាត់បញ្ជូនសំណុំរឿងឱ្យចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បន្តនីតិវិធី។
ក្នុងករណីនេះលោក អ៊ុក រដ្ឋា បានចាត់ទុកការប្ដឹងរបស់បុគ្គល ហ៊ឺ សុង ថា”ជារឿងមិនសមហេតុផល អាងមានបក្ខពួក មានសែស្រឡាយធំៗ ។
យករឿងដោះដូរដីរឿង”ស៊ីវិល”មកប្ដឹងឱ្យក្លាយជាបទ ល្មើសព្រហ្មទណ្ឌ! តើមានទេយុត្តិធម៌សម្រាប់រូបលោកជាចុងចោទ..?”។
ទន្ទឹមនិងនោះលោក អ៊ុក រដ្ឋា សូមស្នើយ៉ាងទទូល ដល់អាជ្ញាធរពាក់ព័ន្ធ ប្រធានសាលាដំបូងខេត្តកណ្ដាលក្រសួងយុត្តិធម៌ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍ក្នុងករណីខាងលើដោយក្ដីអនុគ្រោះ៕