រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី ស្នើឲ្យអាមេរិក និងអង្គការណាតូ បញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន!

0

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានជំរុញជាថ្មីម្ដងទៀតដល់សហរដ្ឋអាមេរិក និងអង្គការណាតូ ឱ្យបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់ទីក្រុង Kyiv ប្រសិនបើពួកគេ “ពិតជាចាប់អារម្មណ៍ក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែនពុប្រាកដមែននោះ”។

លោក Sergey Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានចិន Xinhua ថា” ប្រសិនបើសហរដ្ឋអាមេរិក និងអង្គការណាតូពិតជាមានគោលបំណងក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន នោះជាដំបូង ពួកគេគួរតែក្រោកឡើង ហើយបញ្ឈប់ការផ្គត់ផ្គង់អាវុធ និងគ្រាប់រំសេវដល់របប ទីក្រុង Kiev” ។

ជាការពិតណាស់ សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនបានផ្គត់ផ្គង់សព្វាវុធដែលមានតម្លៃរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ហើយថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ក៏បានស្នើសុំសភាចំនួន 33 ពាន់លានដុល្លារដើម្បីគាំទ្រអ៊ុយក្រែនផងដែរ។

យ៉ាងណាមិញ ទីក្រុងមូស្គូបានព្រមានម្តងហើយម្តងទៀត ដល់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងការបន្តជំនួយយោធារបស់ខ្លួនដល់ទីក្រុងគៀវ ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា “កំពុងព្យាយាមចាក់ប្រេងលើអណ្តាតភ្លើង” នៃសង្រ្គាម។

រុស្ស៊ី​បាន​និយាយ​ថា ទណ្ឌកម្ម​លោកខាងលិច​និង​ការ​បញ្ជូន​អាវុធ​ទៅ​អ៊ុយក្រែន​កំពុង​រារាំង​ការចរចា​សន្តិភាព។ លោក Lavrov បាន​និយាយ​ថា ការ​ចរចា​នៅ​តែ​បន្ត ប៉ុន្តែ​ការ​រីក​ចម្រើន​នោះ​មាន​ការ​លំបាក។

ជាមួយគ្នានោះ វិមានក្រឹមឡាំង ក៏ធ្លាប់បានហៅ ការប្រគល់អាវុធរបស់លោកខាងលិចទៅឱ្យអ៊ុយក្រែនថាជាការគំរាមកំហែងដល់សន្តិសុខអឺរ៉ុប។

គួរបញ្ជាក់ថា រុស្ស៊ី បានបរាជ័យក្នុងគោលបំណងរយៈពេលខ្លីរបស់ខ្លួនក្នុងការដណ្តើមយកទីក្រុង Kyiv ខណៈដែលឥឡូវនេះទីក្រុងម៉ូស្គូកំពុងបង្កើនប្រតិបត្តិការនៅក្នុងតំបន់ Donbas ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ហើយរុស្សុីអះអាងថា គ្រប់យ៉ាងកំពុងប្រតិបត្តការអនុវត្តតាមផែនការ៕

 

Leave A Reply

Your email address will not be published.