ឈ្មួញលួចនាំចូលជ្រូករស់ខុសច្បាប់តាមច្រករបៀងនៅស្រុកស្វាយជ្រុំមួយថ្ងៃៗរាប់រយក្បាល សមត្ថកិច្ចជំនាញថាគ្មានលទ្ធភាពទប់ស្កាត់ឡើយ!
(ស្វាយរៀង) ៖ ក្រុមឈ្មួញនាំជ្រូករស់ខុសច្បាប់ពីប្រទេសវៀតណាម ក្នុង១ថ្ងៃចាប់ពី៣០០ក្បាលទៅ៦០០ក្បាល និងបន្តដឹកតាមរថយន្តសាំយ៉ុង ចេញពីព្រំដែនក្រសាំងជ្រំ រួចផ្ទេរដាក់រថយន្ដឱ្យក្រុមឈ្មួញបន្តចែកចាយក្នុងប្រទេស នេះបើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រីឯ អាជ្ញាធរ សមត្ថកិច្ច ជំនាញពេទ្យសត្វ ខាងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បែរក្សាភាពស្ងៀមស្ងាត់ ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា, ក្រុមឈ្មួញ បាននាំសត្វជ្រូករស់ ពីប្រទេសវៀតណាមឆ្លងដែនចូលមក កម្ពុជា ដាក់តាមសាឡង់ឆ្លងចូលមកត្រង់ចំណុចចន្លោះព្រំដែនចែកខេត្ត គឺភូមិក្រាំងលាវ ខេត្តព្រៃវែង និង ភូមិក្រសាំងជ្រំ ឃុំគ្រួស ខេត្តស្វាយរៀង ក្លាយទៅជាអាជីពរបស់ឈ្មួញទៅហើយ ដែលមិនមែនជាចំណូលពន្ធរបស់រដ្ឋ និងងាយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ខណៈមិនបានពិនិត្យសុខភាពសត្វ។
សូមបញ្ជាក់ថា, មានករណីជាក់ស្តែងនៅល្ងាចថ្ងៃទី៣០ ខែមេសាម្សិលមុិញនេះ ឈ្មួញវៀតណាមបានសាងជ្រូករស់មួយជើងចំនួន៤០ក្បាលចេញពីរថយន្ត នៅព្រំដែនវៀតណាម លើកដាក់ទូកសាឡង់ឆ្លងព្រែកព្រំដែន ចូលមកស្រុកខ្មែរ រួចក្រុមឈ្មួញបានចាប់ជ្រូកចេញពីសាឡង់លើកដាក់លើរថយន្តសាំយ៉ុង ដែលចាំនៅព្រំដែនខ្មែរចំនួន៣គ្រឿង។ ខណៈដែលកំពុងលើកជ្រូកដាក់លើរថយន្តបានបួនប្រាំក្បាល ស្រាប់តែឃើញវត្តមានអ្នកសារព័ត៌មានទៅដល់ក៏នាំគ្នាបើករថយន្តគេចចេញពីកន្លែងសាងជ្រូក១គ្រឿង បើកចូលទៅឃុំក្រាំងលាវ ស្រុកកំពង់ត្របែក និង២គ្រឿងទៀតបើកគេចទៅក្រសាំងជ្រំ ឆ្ពោះទៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ប្រជាពលរដ្ឋបន្តថា, រថយន្តជាច្រើនគ្រឿងផ្សេងទៀត បានលើកជ្រូកដាក់នោះ បានបើកគេចទៅវិញចូលភូមិក្រាំងលាវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង តាមផ្លូវលំក្រវ៉ាត់ព្រំដែន។
ប្រភពដោយឡែកបានឲ្យដឹងថា, ចំណុចឈ្មួញនាំជ្រូកវៀតណាមឆ្លងដែននោះ គឺស្ថិតចន្លោះភូមិចុងចាំង ឃុំហ៊ឹងហា និងភូមិហ៊ឹងប៊ីងបេ ឃុំប៊ីងបេ ស្រុកតាំងហ៊ឹង ខេត្តឡុងអាង ប្រទេសវៀតណាម ។ ការនាំចូលទឹកដីកម្ពុជា យ៉ាងសម្រុក ដោយសារមានអំពើពុករលួយ កើតឡើងជាលក្ខណៈប្រព័ន្ធទៅហើយ។
ប្រជាពលរដ្ឋលើកឡើងថា, ចំណែកខាងដីកម្ពុជា ភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែកខេត្តព្រៃវែង ដឹកគេចតាមផ្លូវកៅស៊ូចូលមកភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ឡើងមកឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រួចឆាផ្ទេររថយន្តនៅចំណុចកែងភូមិព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ប្រជាពលរដ្ឋហ៊ានទាំងប្រាប់ថា, ឈ្មួញនាំជ្រូកម្នាក់ឈ្មោះ គង់ ជាទាហានដ៏ល្បីល្បាញខាងកាងជ្រូករស់ចូល មានទីលំនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ លក់បន្តឲ្យក្រុមហ៊ុនធំមួយចំនួននឹងតាមបណ្ដាស្រុកមួយចំនួននៅក្នុងខេត្ដស្វាយរៀង ដោយអត់មានមន្ត្រីពេទ្យសត្វណាមួយត្រួតពិនិត្យសុខភាពសត្វទេ ដែលសង្ស័យសុទ្ធតែត្រូវគ្នាទាំងអស់ ។ ដូច្នេះសូមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមេត្តា ពិនិត្យពិចារណា ស៊ើបអង្កេត ស្រាវជ្រាវ ចំពោះការលួចនាំសត្វជ្រូករស់ចូលទឹកដីកម្ពុជានេះផង។
ជុំវិញករណីខាងលើនេះដែរ អ្នកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក យ៉ន សុផល មេប៉ុស្តិ៍វរៈការពារព្រំដែន ក្រសាំងជ្រំបានទេ ដោយពុំមានលេខទំនាក់ទំនង។
ចំណែកលោក ប៉ែន ចន្ធី នាយការិយាល័យបសុព្យាបាលនៃមន្ទីរ កសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀងបានអោយអ្នកសារព័ត៌មានយើងដឹងថា “ពិតជាមាន ករណី លួចនាំសត្វជ្រូករស់ចូលតាមច្រកព្រំដែនខាងលើពិតប្រាកដមែន ហើយពិបាក់ទប់ស្កាត់ណាស់ គឺដឹកតាមរថយន្តសាំយុង បើកលឿនៗណាស់ ណាមួយដោយខាងមន្ត្រីរបស់លោកមានគ្នាតិច មិនអាចធ្វើការបង្ក្រាបទាន់ពេលវេលាឡើយ ម្យ៉ាងវិញទៀត ទាល់តែខាងប៉ូលីសព្រំដែនជួយសហការទើបអាចធ្វើទៅបាន”។
លោក បន្ថែមថា “បើសារព័ត៌មានបានឃើញមេត្តារាយការណ៍ និងឃាត់រថយន្តបទល្មើសនោះផង”។
គួរជម្រាបថា ការនាំសត្វជ្រូករស់ចូលតាមច្រកបែបនេះ គ្មានការពិនិត្យសុខភាព គ្មានការគ្រប់គ្រងឲ្យបានច្បាស់លាស់ ដោយសមត្ថកិច្ច អាជ្ញាធរ និងជំនាញពេទ្យសត្វ គឺជាបញ្ហាមួយ ងាយធ្វើឱ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដែលជាអ្នកបរិភោគ ខណៈមិនដឹងថាជ្រូកទាំងនេះមានរោគប្រភេទណា?៕ស្វាសរ