អង់គ្លេសសន្យាផ្តល់ជំនួយយោធា ៣៧៥លានដុល្លារបន្ថែមទៀតសម្រាប់អ៊ុយក្រែន!
ទីក្រុងឡុងដ៍៖ ចក្រភពអង់គ្លេសបាននិយាយនៅថ្ងៃចន្ទ ទី០២ ខែឧសភា ថា ខ្លួននឹងផ្តល់ជំនួយយោធាចំនួនជាង ៣០០លានផោន (៣៧៥លានដុល្លារ) បន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន រួមទាំងឧបករណ៍សង្គ្រាមអេឡិចត្រូនិក និងប្រព័ន្ធរ៉ាដា លើជំនួយប្រហែល ២០០លានផោន។
គួររំលឹកថា ចក្រភពអង់គ្លេសបានបញ្ជូនកាំជ្រួចប្រឆាំងរថក្រោះជាង 5,000 គ្រឿង និងប្រព័ន្ធការពារដែនអាកាសចំនួន 5 រួមទាំងគ្រាប់បែក និងគ្រឿងផ្ទុះផ្សេងទៀតរបស់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីថ្ងៃទី 24 ខែកុម្ភៈ ដែលបានបំផ្លាញទីក្រុងនានា និងបានធ្វើឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ ឬរងរបួស។
រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកក៏បានផ្តល់ជំនួយយោធាចំនួន 3 ពាន់លានដុល្លារដល់អ៊ុយក្រែន ហើយកាលពីសប្តាហ៍មុនលោកប្រធានាធិបតី Joe Biden បានស្នើសុំឱ្យសភាអាមេរិកអនុម័តលើជំនួយផ្នែកយោធាច្រើនជាង 20 ពាន់លានដុល្លារបន្ថែមទៀត។
លើសពីនេះ ការិយាល័យនាយករដ្ឋមន្ត្រី Boris Johnson បាននិយាយថា ក៏ដូចជាឧបករណ៍ផ្សេងទៀត ចក្រភពអង់គ្លេសនឹងផ្តល់ឧបករណ៍មើលឃើញពេលយប់ ឧបករណ៍សម្រាប់រារាំងការរុករកតាមផ្កាយរណប យន្តហោះគ្មានមនុស្សបើក យន្តហោះធុនធ្ងន់ ដើម្បីផ្គត់ផ្គង់ដល់ទាហានអ៊ុយក្រែន និងរថពាសដែកសម្រាប់មន្ត្រីស៊ីវិល។
គួរជម្រាបថា ខណៈពេលដែលចក្រភពអង់គ្លេសបានផ្តល់ជំនួយផ្នែកយោធាយ៉ាងសំខាន់មកទល់ពេលនេះ ក្នុងចំណោមប្រជាជនអ៊ុយក្រែនជាង 5 លាននាក់ដែលបានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ។ គិតត្រឹមសប្តាហ៍មុន រដ្ឋាភិបាលរបស់ចក្រភពអង់គ្លេសបាននិយាយថា ខ្លួនបានចេញទិដ្ឋាការចំនួន ៨៦.១០០ ដល់ជនជាតិអ៊ុយក្រែន ក្នុងនោះ ២៧.១០០ នាក់បានទៅដល់ចក្រភពអង់គ្លេសរួចហើយដែរ៕