ថៃ ប្រកាសត្រៀមទប់ទល់នឹងវីរុសកូវីដបម្លែងថ្មី Deltacron!
ការសែត Bangkok Post បានផ្សាយថាក្រសួងសុខាភិបាលសាធារណៈថៃ បានប្រកាស កាលពីថ្ងៃសុក្រនេះថា ប្រទេសថៃ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទប់ស្កាត់នឹងវីរុសកូវីដ ១៩ បម្លែងខ្លួនថ្មី Deltacron ។
លោក អានុទីន ចាន់វីរៈកុល Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃ បានបញ្ជាក់ថា ក្នុងអំឡុងពេលនេះក្រុមអ្នកជំនាញថៃ និងអង្គការសុខភាពពិភពលោក (WHO) កំពុងតាមដានការវិវឌ្ឍន៍របស់វីរុសថ្មីនេះយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីត្រៀមដាក់ចេញវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា។
លោក Anutin បានគូសបញ្ជាក់ថា គិតត្រឹមមកដល់ពេលនេះ អាជ្ញាធរថៃបានត្រៀមឧបរកណ៍វេជ្ជសាស្រ្ត ថ្នាំ វ៉ាក់សាំង និងវិធានការសំខាន់ៗជាច្រើន ដែលអាចយកមកប្រើប្រាស់ ឬអនុវត្តបានភ្លាម ប្រសិនបើវីរុសថ្មីនេះផ្ទុះខ្លាំងក្នុងសហគមន៍។
លោក បន្តថា ទោះបីជាមានការត្រៀមខ្លួនក៏ពិតមែន តែពលរដ្ឋ ក៏ត្រូវចូលរួមចំណែកផងដែរ ដើម្បីធានាការទប់ស្កាត់ឲ្យកាន់តែប្រសើរឡើងផងដែរ៕