ព្យុះធូលីដ៏ខ្លាំងក្លា បានធ្វើឲ្យមនុស្សជាង ៥ពាន់នាក់ ត្រូវចូលមន្ទីរពេទ្យនៅអ៊ីរ៉ាក់!
មនុស្សម្នាក់បានស្លាប់នៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយជាង ៥ពាន់នាក់ ត្រូវចូលព្យាបាលបញ្ហាផ្លូវដង្ហើមនៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃព្រហស្បតិ៍ទី០៥ខែឧសភា ដោយសារតែព្យុះធូលី ជាលើកទី៧ក្នុងរយៈពេលមួយខែ។
ពលរដ្ឋនៃខេត្តចំនួន៦ ក្នុងចំណោមខេត្តទាំង១៨របស់ប្រទេសអ៊ីរ៉ាក់ រួមទាំងទីក្រុងបាកដាដ និងតំបន់ភាគខាងលិចដ៏ធំ Al-Anbar ផងដែរ បានបង្ហាញភាពភ្ញាក់ផ្អើលជាថ្មីម្តងទៀត ដោយសារតែធូលីដ៏ក្រាស់ ដែលគ្របដណ្តប់លើផ្ទៃមេឃ។
នៅពេលព្យុះបានបោកបក់ពាសពេញប្រទេសអ៊ីរ៉ាក់, រដ្ឋធានីបាកដាដ និងទីក្រុងដ៏បរិសុទ្ធ Najaf ត្រូវបានគ្របដណ្តប់ដោយធូលីដែលមានសារធាតុពុល។
ព្យុះធូលីបានកើនឡើងយ៉ាងខ្លាំង នៅក្នុងប្រទេសអ៊ីរ៉ាក់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជំរុញដោយការរិចរិលដី និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលកាន់តែអាក្រក់ទៅៗដោយការប្រែប្រួលអាកាសធាតុ ជាមួយនឹងការកើនឡើងសីតុណ្ហភាព និងអត្រាភ្លៀងធ្លាក់ ថយចុះខ្លាំង។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោក Seif al-Badr បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការស្លាប់មនុស្សម្នាក់ត្រូវបានកត់ត្រានៅក្នុងទីក្រុងបាកដាដ ហើយមន្ទីរពេទ្យបានទទួលអ្នកមានបញ្ហាសុខភាពមិនតិចជាង ៥០០០ករណីនោះទេ”។
លោកបន្តថា អ្នកដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុត គឺអ្នកដែលមានជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃដូចជាជំងឺហឺត និងមនុស្សចាស់ដែលមានជំងឺបេះដូង។
ព្យុះធូលី និងព្យុះខ្សាច់តែងតែកើតឡើងនៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែកាន់តែញឹកញាប់ និងខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ បញ្ហានេះត្រូវបានគេផ្សារភ្ជាប់ ទៅនឹងការប្រើប្រាស់ទឹកទន្លេហួសកម្រិត ទំនប់វារីអគ្គិសនីកាន់តែច្រើន ការចិញ្ចឹមសត្វច្រើនពេកនាំឲ្យដីគ្មានស្មៅ និងការកាប់បំផ្លាញព្រៃឈើ។
ភាគល្អិតធូលី អាចបណ្តាលឲ្យមានបញ្ហាសុខភាពដូចជាជំងឺហឺត និងជំងឺសរសៃឈាមបេះដូង ហើយថែមទាំងរីករាលដាលបាក់តេរី និងមេរោគ ព្រមទាំងសត្វល្អិត និងជាតិពុលផ្សេងទៀតផងដែរ៕