លោក អ៊ុក រដ្ឋា ប្ដឹងសុំកិច្ចអន្តរាគមន៍ទៅថ្នាក់ដឹកនាំ ក្រោយលោកផ្កាយ២ ផេង វណ្ណា យករឿងទំនាស់ដីធ្លី ប្ដឹងឱ្យក្លាយជាបទល្មើសព្រហ្មទណ្ឌ!
(ភ្នំពេញ)៖ ផ្ដើមពីការទិញលក់ដីធ្លីសោះ.ហើយភាគីអ្នកលក់ ក៍មានដីប្រគល់អោយទៅអ្នកទិញផងដែរ ។
ក្នុងនោះ ភាគីអ្នកលក់ បានរត់ការផ្ទេរកម្មសិទ្ធ ឱ្យទៅភាគីអ្នកទិញយ៉ាងស្របច្បាប់។
ដោយមាន គណៈកម្មការ មន្ត្រីសុរិយោដី ស្រុកខ្សាច់កណ្ដាល ចុះវាស់វែង។
រហូតចេញប្លង់ និងចុះហត្ថលេខា.ផ្ទេរកម្មសិទ្ធ ដោយអាជ្ញាធរ.ឃុំ.ស្រុក និងបានបង់ពន្ធប្រថាប់ត្រា ដល់ខេត្ត។
ចុងក្រោយស្រាប់តែបាត់ទំហំដី ភាគីអ្នកទិញ ប្ដឹងអ្នកលក់ ទៅតុលាការពីបទ”ឆបោក”។
តែត្រូវបាន អយ្យការអមសាលាដំបូងខេត្តកណ្ដាល សម្រេចតម្កល់រឿងទុកឥតចាត់ការ ដោយផ្អែកថា៖ ជារឿងទំនាស់ដីធ្លី”រឿងរដ្ឋប្បវេណី”។
ប៉ុន្តែ៖ មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បែរជាចោទប្រកាន់ ភាគីអ្នកលក់ ហើយបញ្ជូនសំណុំរឿង ឱ្យចៅក្រមស៊ើបសួរបន្តនីតិវិធីទៀតផង។
ករណីនេះ«លោកឧត្ដមសេនីយ៍ទោ ផេង វណ្ណា មិនអាចសុំការបកស្រាយបានទេ»។
រឿងរ៉ាវដ៏ក្ដៅគគុកមួយនេះ បច្ចុប្បន្ន៖ ស្ថិតក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ.១៣២.អ.ក.ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ របស់អយ្យការអមសាលាដំបូងខេត្តកណ្ដាល.ដែលមានចៅក្រមស៊ើបសួរ ស៊ូ បញ្ញា កំពុងអនុវត្តនីតិវិធី។
សូមជម្រាបថា៖ ភាគីអ្នកទិញដីនិងជាដើមចោទ គឺលោកឧត្ដមសេនីយ៍ទោ ផេង វណ្ណា អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ក្រសួងមហាផ្ទៃ ។
រីឯភាគីអ្នកលក់ដីនិងជាចុងចោទ គឺលោក អ៊ុក រដ្ឋា អគ្គនាយកក្រុមហ៊ុន”មហារដ្ឋាត្រឌីង”។
ក្រោយលក់ដីហើយ ត្រូវអ្នកទិញប្ដឹងពីបទ”ឆបោក”បែបនេះ លោក អ៊ុក រដ្ឋា បានប្ដឹងសុំកិច្ចអន្តរាគមន៍ ទៅ នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដើម្បីឱ្យជួយអន្តរាគមន៍លើសំណុំរឿងមួយនេះ។
ព្រោះថា៖ ជារឿងរដ្ឋប្បវេណី សុទ្ធសាត ប៉ុន្តែគេប្ដឹងឱ្យក្លាយជាបទល្មើសព្រហ្មទណ្ឌ។
ក្នុងលិខិតអន្តរាគមន៍នោះ លោក អ៊ុក រដ្ឋា បានអះអាងថា៖ លោកផ្កាយ២ ផេង វណ្ណា អាងអំណាចតួនាទីអាងទឹកលុយ។
យករឿងទិញលក់ដីធ្លីរឿង”រដ្ឋប្បវេណីសុទ្ធសាត”មកប្ដឹងរូបលោក ឱ្យក្លាយជាបទល្មើសព្រហ្មទណ្ឌ ជារឿងអយុត្តិធម៌បំផុត សម្រាប់រូបលោក!។
លោក អ៊ុក រដ្ឋា បញ្ជាក់ប្រាប់
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ថា៖ ដើមចមដំបូង នៅកំឡុងឆ្នាំ២០១៨ ។
លោកបាននាំឈ្មោះ ផេង វណ្ណា ទៅទិញដីចំនួន៣កន្លែង នៅភូមិព្រែកក្របៅ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ក្នុងការទិញដីនោះឈ្មោះ ផេង វណ្ណា បានធ្វើការទិញពីម្ចាស់ដីចំនួន០៤ (បួន) នាក់ មានឈ្មោះ ផាត់ ផូ ភេទប្រុស, ឈ្មោះ គឹម គុណ ភេទប្រុស, ឈ្មោះ សូត ស៊ីម ភេទស្រី, ឈ្មោះ សំ ឡិត ភេទស្រី ។
ហើយប្រាក់ដែលលោក ទទួលពីឈ្មោះ ផេង វណ្ណា ក្នុងនាមជាអ្នកគួកជេរ ក៍បានប្រគល់ជូនម្ចាស់ដីរួចរាល់ផងដែរ។
លោក អ៊ុក រដ្ឋា បន្ថែមថាៈ ដីដែលលក់នេះ ជាដីលិចទឹកទាំងប្រាំង និងវស្សា ជាដីព្រៃអ៊ូយយ៉ាស ។
ហើយដីនេះពុំមាន
ប័ណ្ណកម្មសិទ្ធិទេ មានតែពាក្យស្នើសុំផ្ទេរសិទ្ធីកាន់កាប់អចលទ្រព្យដែលមិនទាន់ចុះបញ្ជីប៉ុណ្ណោះ។
នៅក្នុងពេលបំពេញបែបបទផ្ទេរកម្មសិទ្ធឱ្យឈ្មោះ ផេង វណ្ណា នោះគឺខាងគណៈកម្មការមន្ត្រីជំនាញសុរិយោដីស្រុកខ្សាច់កណ្ដាល ជាអ្នកចុះទៅវាស់វែងកំណត់
ប្លង់ និងទំហំ ទីតាំងដីដែលលក់ផ្ទាល់។
ចំពោះដីដែលឈ្មោះ ផេង វណ្ណា បានអះអាងថាជាន់គ្នា និងបាត់ទំហំដីនោះ លោក អ៊ុក រដ្ឋា មិនបានដឹងទេ ។
ព្រោះរូបលោក មិនមែនជាអ្នកកំណត់ទំហំ ពោលគឺទំហំធំឬតូច ។
កំណត់ដោយគណៈកម្មការនិងមន្ត្រីជំនាញរួមនិងម្ចាស់ដីដើម ហើយការផ្ទេរកម្មសិទ្ធ គិតប្រាក់ទូទាត់ ទៅតាមផ្ទៃក្រឡាជាក់ស្ដែង មិនបន្ថយមិនបំភ្លើស។
ក្រោយមកស្រាប់តែឈ្មោះ ផេង វណ្ណា ប្តឹងលោក អ៊ុក រដ្ឋា ទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ។
ប៉ុន្តែត្រូវបានសាលាដំបូងខេត្តកណ្តាល សម្រេចតម្កល់រឿងទុកឥតចាត់ការ។
លោក អ៊ុក រដ្ឋា បន្ទាប់មកទៀត នៅថ្ងៃទី០៨ ខែវិច្ឆិការ ឆ្នាំ២០២១ រូបលោកនិងឈ្មោះ ផេង
វណ្ណា បានមកធ្វើការសម្រុះសម្រួលគ្នានៅរដ្ឋបាលស្រុកខ្សាច់កណ្តាល។
ក្នុងនោះដោយ មានឆន្ទៈ ក្នុងការបញ្ចប់វិវាទ និងការទទួលខុសត្រូវខ្ពស់ លោក អ៊ុក រដ្ឋា សុខចិត្តសងទៅឈ្មោះ ផេង វណ្ណា ទាំងដែល.ទំហំ.កំណត់ ដោយមន្ត្រីជំនាញ និងមានការផ្ទេរកម្មសិទ្ធត្រឹមត្រូវតាមច្បាប់ក៍ដោយ។
ដោយលោក អ៊ុក រដ្ឋា សុំសងជាការចាក់អាចម៍ដី ជូនទៅឈ្មោះ ផេង វណ្ណាចំនួន៨០,០០០m3ទៀតផង មិនតែប៉ុណ្ណោះឈ្មោះ ផេង វណ្ណា បានឱ្យលោក អ៊ុក រដ្ឋា ជួយទិញអាចម៍ដីបន្ថែមចំនួន៨០,០០០m3 ដោយក្នុងមួយម៉ែត្រគូបតម្លៃ ៣,៥ដុល្លា បន្ថែមទៀត ។
លោក អ៊ុក រដ្ឋា ដោយខ្ញុំបាទចង់បញ្ចប់វិវាទនេះ ក៍យល់ព្រមទទួលសំណើរពីឈ្មោះ ផេង វណ្ណា។
លើសពីនេះទៅទៀតខ្ញុំបាទ ទាំងពីរបានព្រមព្រៀងគ្នាដោះស្រាយ និងបញ្ចប់បញ្ហា ។
ដោយភាគី ឈ្មោះ ផេង វណ្ណា បានទទួលយកការចាក់សងអាចម៍ ដីចំនួន ៨០,០០០ម៉ែត្រគូប ដោយក្នុង ១m3 ស្មើនិង ៣,៥ ដុល្លារ ពីខ្ញុំបាទ ។
ក្នុងនោះផងដែរ លោក អ៊ុក រដ្ឋា បានលក់អាចម៍ដីបន្ថែមឱ្យទៅឈ្មោះ ផេង វណ្ណា ចំនួន ៨០,០០០ ម៉ែត្រគូប ។
ដោយផ្អែកថា៖ ការសម្របសម្រួលនៅសាលាស្រុកខ្សាច់កណ្ដាលនេះ ឈ្មោះ ផេង វណ្ណា បានយល់ព្រមដកពាក្យបណ្តឹងចេញពីតុលាការ ។
ទើបលោក មិនប្រកែករកខុសត្រូវសុខចិត្តទទួលសងឈ្មោះ ផេង វណ្ណា តាមលក្ខខ័ណ្ឌនិងតាមការទាមទារ។
បន្ថែមលើនេះទៅទៀតឈ្មោះ ផេង វណ្ណា យល់ព្រមផ្តិតស្នាមមេដៃផ្ទេរសិទ្ធិដីដែលមានទំហំ ១៦៤.០២៤ ម៉ែត្រការ៉េ ។
ដែលជាដីមួយកន្លែងផ្សេងទៀត ឱ្យមកលោក អ៊ុក រដ្ឋា វិញដោយយោង “កិច្ចព្រមព្រៀងស្តីពីការស្រុះស្រួលគ្នាក្នុងការរំលាយកិច្ចសន្យាលក់ទិញដី និងបញ្ចប់កាតព្វកិច្ចលក់ទិញ” តាមប្រការ.៦ នៃកិច្ចសន្យា ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩។
ករណីនេះលោក អ៊ុក រដ្ឋា សូមស្នើរសុំឱ្យនាយឧត្តមសេនីយ៍ មេត្តាពិនិត្យ និងជួយអន្តរាគមន៍ មកតុលាការខេត្តកណ្ដាល។
ឱ្យទម្លាក់បទចោទ ដើម្បីបង្វែរសំណុំរឿងព្រហ្មទណ្ឌលេខៈ១៣២ ខាងលើ ឱ្យទៅជារឿងរដ្ឋប្បវេណី ឬដោះស្រាយក្រៅប្រព័ន្ធតុលាការ ។
ដើម្បីឱ្យឈ្មោះ ផេង វណ្ណា អនុវត្តកាតព្វកិច្ចផ្ទេរកម្មសិទ្ធ ដីមកឱ្យរូបលោក និងគោរពតាម ការដោះស្រាយនៅរដ្ឋបាលស្រុកខ្សាច់កណ្ដាល។
រាល់ការអះអាងទាំងនេះ (ដើមក្រសាំង) បានព្យាយាមសុំការបកស្រាយ ពីលោកឧត្ដមសេនីយ៍ទោ ផេង វណ្ណា អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ក្រសួងមហាផ្ទៃតាមរយៈលេខ 012848848 ប៉ុន្តែមិនអាចទាក់ទងបានឡើយ..!។
ចំណែកលោក សូរ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល.នៅព្រឹកទី០៦.០៥.២០២២។ សារព័ត៌មាន បានសុំការបកស្រាយអំពីដំណើររឿងមួយនេះ តែខលទូរស័ព្ទចូលហើយ លោកប្រាប់ថា”ជាប់ប្រជុំ”៕