ឈ្មួញរកសុីដឹកត្រីវៀតណាម តាមច្រកព្រំដែនបន្ទាយចក្រី ចោទថា ក្រុមមន្ត្រីជលផល ចតុមុខដឹកនាំដោយលោកថោឡូ ប្រើអំណាចគាបសង្កត់ធ្វើបាបឈ្មួញតូចតាច!
ព្រៃវែង៖ ឈ្មួញរកសុីដឹកត្រីវៀតណាម មកកម្ពុជាតាមច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានត្អូញត្អែរថា ក្រុមជំនាញមន្ត្រីជលផល (ចតុមុខ) ប្រើអំណាចគាបសង្កត់ ជាន់ករ ឈ្មួញរកសុីដឹកត្រីតូចតាច សឹងតែដកដង្ហើយមិនរួច ពោលគឺធ្វើតាមតែអំពើចិត្ត ចង់ចាប់គឺចាប់ ចង់ពិន័យគឺពិន័យ ប្រើក្បាច់គៀងត្រីចូលលប។
ប្រភពពីក្រុមឈ្មួញបានប្រាប់ថា ពួកគាត់រកសុីដឹកត្រីពីវៀតណាមតាមច្រកបន្ទាយចក្រីនេះ ជាង២០ឆ្នាំមកហើយ តាំងពីអត់ច្បាប់ រហូតដល់មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង មិនដែលមានបញ្ហាអ្វីឡើយ ដោយបានបង់ប្រាក់បាយទឹក ប្រាក់កញ្ចប់ជូនអស់លោកមន្ត្រីជំនាញៗ តាំងពីច្រកទ្វាររហូតដល់កន្លែងលក់។
ប្រភពបានបន្តថា ទើបមកដល់ពេលនេះ ក៏ស្រាប់តែមានក្រុមជលផល ចតុមុខ មកដើរកូរ ស្ទាក់ចាប់ជំរឹតទាលុយពីឈ្មួញអ្នករកសុីដឹកត្រី ដឹកបង្កង ពីវៀតណាម រាប់សិបលានរៀល ដោយយកលេសថាខុសនេះខុសនោះ មិនចេះចប់មិនចេះហើយ។
ដូចជាក់ស្តែង កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៣រសៀល ក្រុមជលផល ចតុមុខ ដែលល្បីល្បាញខាង ស្ទាក់ចាប់ឈ្មួញរកសុីដឹកត្រី បង្កងពីវៀតណាម មិនថា ម៉ូតូ ឬរថយន្ត បានឃាត់រថយន្តមួយគ្រឿង ដែលដឹកត្រីចំនួន ៣០ធុង ពីវៀតណាមតាមច្រកព្រំដែនបន្ទាយចក្រី ស្រុកព្រះស្តេច ព្រៃវែង ទារលុយចំនួន ១៧លានរៀល ក្រោមហេតុផលផាកពិន័យ ដោយរថយន្តដឹកត្រីមានស្លាកលេខខុសពីលិខិតអនុញ្ញាត។
ទោះជាយ៉ាងណា ឈ្មួញជាម្ចាស់អាជីវកម្ម បានអះអាងថា ពួកគាត់តែងតែយករថយន្តមួយគ្រឿងនេះ ដឹកត្រីយូរណាស់មកហើយ ព្រោះដោយសារមួយរយៈនេះមិនមានការកម៉ង់ត្រីច្រើនទេ បើយករថយន្តធំមកដឹកគឺមិនរួចថ្លៃទេ គ្រាន់តែបង់អោយគេអស់ទៅហើយ។ ដូច្នេះ ពួកគាត់យករថយន្តធុនតូច១តោនកន្លះមកដឹកជំនួស ហើយក៏បានប្រាប់មន្ត្រីជំនាញ នឹងបង់លុយអោយគេអស់ហើយដែរ។ ប៉ុន្តែ ស្រាប់តែពេលនេះ ក្រុមមន្ត្រីជំនាញជលផល ចតុមុខ បែរជាមកឃាត់រថយន្តរបស់គាត់ថាខុសច្បាប់ទៅវិញ ទាំងដែលបានយកលុយ និងអនុញ្ញាតអោយហើយ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ឈ្មួញរកសុីដឹកត្រីក៏បានបង្ហើបអោយដឹងថា ពីមុនមកពួកគាត់តែងតែបង់លុយកញ្ចប់អោយក្រុមមន្ត្រីជលផល ៦លានរៀលក្នុងមួយខែ តែថ្មីៗនេះ ពួកមន្ត្រីបានទារឡើងលុយកញ្ចប់ចំនួន ៨លានរៀលក្នុងមួយខែវិញ។ តែក្រុមឈ្មួញបានបដិសេធ ដោយវាជាចំនួនខ្ពស់ពេក ព្រោះមួយរយៈនេះលក់ត្រីមិនសូវដាច់ទេ ។ ទើបបណ្តាលអោយ ក្រុមមន្ត្រីជលផលខឹង បានមកឃាត់ចាប់រថយន្តពួកគាត់ទាំងទទឹងទិសបែបនេះ។
ចុងក្រោយនេះ ក្រុមរកសុីដឹកត្រី សូមស្នើដល់ថា្នក់ដឹកនាំ ក្រសួងពាក់ព័ន្ធ ជាពិសេស លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម មេត្តាមានវិធានការក្តៅចំពោះមន្ត្រីគ្រាប់ល្ពៅអស់នេះផង ជាពិសេសក្រុម ជលផល ចតុមុខ នេះតែម្តង ដែលតែងតែប្រើអំណាច ធ្វើបាប ជិះជាន់ អ្នករសុីតូចតាច និងស្របច្បាប់នេះផងទាន៕