ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម អញ្ជើញជួបសម្ដែងការគួរសម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ
ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូក្រសួងមហាផ្ទៃ ដែលដឹកនាំដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលាខេត្តកំពង់ចាម។
ជាកិច្ចស្វាគមន៍ ឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាមរដ្ឋបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម នៅលើទឹកដីនៃខេត្តកំពង់ចាមនាពេលនេះ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានគោរពស្នើសុំគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ឧបនាយករដ្ឋ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីយកមកអនុវត្ត និងដឹកនាំអង្គភាពរដ្ឋបាលខេត្តកំពង់ចាម ឱ្យទទួលបានជោគជ័យបន្ថែមទៀត និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ។
មានប្រសាសន៍ឆ្លើយតប សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរចំពោះការដឹកនាំរបស់រដ្ឋបាលខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍឥតឈប់ឈរ រហូតធ្វើឱ្យខេត្តជាប់ដងទន្លេមេគង្គមួយនេះបានប្រែមុខមាត់ថ្មីគួរជាទីមោទនៈ។ ជាពិសេសជាងនេះទៅទៀត ខេត្តកំពង់ចាមក៏ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃកូវីដ-១៩ និងការចូលរួមអបអរសាទរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រហូតទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តយ៉ាងច្រើនកុះករ ប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព។
សម្ដេចក្រឡាហោម ស ខេង ក្នុងនាមក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងការកោតសរសើរចំពោះរដ្ឋបាលខេត្តកំពង់ចាម ដែលបានធ្នើការសហការ ប្រកបដោយសាមគ្គីភាពក្នុងការរៀបចំកម្មវិធីបុណ្យ របស់សម្ដេច ឧត្តមទេពញាណ ហ៊ុន ណេង តាំងពីដើមរហូតដល់ចប់ និងបានចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រមុខថ្នាក់ដឹកនាំរបស់ជាតិ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ទាំងទឹកមុខ ក្រៀមក្រំថា សម្ដេចពិតជា អារម្មណ៍ក្តុកក្តួល និងសោកស្តាយជាពន់ពេកចំពោះការបាត់បង់វីរៈជនឆ្នើមរបស់ជាតិមួយរូប គឺសម្ដេច ឧត្តមទេពញាណ ហ៊ុន ណេង ដែលក្នុងមួយជីវិតរបស់សម្ដេច បានបូជាអស់កម្លាំងកាយចិត្តក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចក្រឡាហោម ស ខេង ក៏បានបួងសួងជូនដល់ដួងវិញ្ញាណក្ខន្ធរបស់សម្ដេច ឧត្តមពេពញាណ ហ៊ុន ណេង បានអញ្ជើញទៅចាប់បដិសន្ធិក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕