អេឡុន ម៉ាស​ សន្យាថា នឹងដកបម្រាមលើគណនីដូណាល់ ត្រាំ នៅពេលកិច្ចព្រមព្រៀងទិញTwitterទទួលជោគជ័យ!

0

លោក អេឡុន ម៉ាស និយាយនៅក្នុងវេទិការមួយថា ប្រសិនបើការដេញថ្លៃរបស់លោកក្នុងការទិញ Twitter ទទួលបានជោគជ័យ លោកនឹងលើកលែងការហាមឃាត់លើលោក ដូណាល់ ត្រាំ (Donald Trump)។

មហាសេដ្ឋីលំដាប់ពិភពលោករូបនេះ បានយល់ព្រមលើការដេញថ្លៃទិញ Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ ត្រូវនឹងជាង ៣៤ពាន់លានផោន កាលពីខែមុន។ ប៉ុន្តែ​លោក​បាន​និយាយ​ថា កិច្ច​ព្រម​ព្រៀងនេះមិនទាន់បានបញ្ចប់ទេ ហើយវាអាចប្រើ​រយៈ​ពេល​ពីរ​ទៅ​បី​ខែខាងមុខទៀត។

កាសែត Financial Times បានផ្សាយពីសម្តីលោក ម៉ាស់ ថាការសម្រេចចិត្តរបស់ Twitter ក្នុងការហាមឃាត់អតីតប្រធានាធិបតីអាម៉េរិកគឺ ខុសសីលធម៌ និងធ្វើឡើងដោយភាពល្ងង់ខ្លៅ។

គួររំលឹកថា នៅខែមករាឆ្នាំ ២០២១ Twitter បាននិយាយថាគណនីរបស់លោក ត្រាំ ត្រូវបានផ្អាកជាអចិន្ត្រៃយ៍ ដោយសារតែហានិភ័យនៃការញុះញង់ឱ្យមានអំពើហិង្សាបន្ថែមទៀត ក្រោយពីលោកបានហៅអ្នកវាយប្រហារវិមាន កាពីតូល ​របស់​សហរដ្ឋ​អាម៉េរិក​ថា​ជា «អ្នក​ស្នេហា​ជាតិ»។

ប៉ុន្តែម្ចាស់ក្រុមហ៊ុន តេស្លាវ័យ50ឆ្នាំរូបនេះ បាននិយាយថា៖ «ខ្ញុំនឹងលុបចោលការហាមឃាត់ជាអចិន្ត្រៃយ៍ ប៉ុន្តែខ្ញុំមិនទាន់ជាម្ចាស់ Twitter នៅឡើយទេ ដូច្នេះនេះមិនមែនជារឿងដែលប្រាកដថានឹងកើតឡើងនោះទេ»។

លោកបានលើកឡើងទៀតថា “ការហាមប្រាមនេះ មិនបានធ្វើឱ្យលោក ត្រាំ​ ស្ងាត់ស្ងៀមនោះទេ ប៉ុន្តែវាធ្វើឱ្យលោកផ្លាស់ប្ដូរទៅកាន់គេហទំព័រ Truth Social ផ្ទាល់របស់លោក ដែលបានពង្រីកមតិរបស់លោកកាន់តែខ្លាំង”។

យ៉ាងណាមិញ លោក ត្រាំ ធ្លាប់បានអះអាងថា លោកនឹងមិនត្រលប់មករក Twitter វិញទេ បើទោះបីជាគណនីរបស់លោកត្រូវបានស្តារឡើងវិញក៏ដោយ៕

Leave A Reply

Your email address will not be published.