រុស្សុី ព្រមានប្រទេសលោកខាងលិចសារជាថ្មីថា ពួកអ្នកកំពុងជំរុញឲ្យរុស្សុីធ្វើសង្រ្គាមដោយផ្ទាល់ជាមួយ NATO!
ប្រភពពី Reuters បានឲ្យដឹងថា មន្ត្រីដ៏ជិតស្និទ្ធបំផុតម្នាក់របស់ប្រធានាធិបតីរុស្សុី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានព្រមានបណ្ដា ប្រទេសលោកខាងលិចថា ខណៈដែលការកើនឡើងនៃការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែនដោយសហរដ្ឋអាមេរិក និងសម្ព័នមិត្ត បានបង្កហានិភ័យខ្ពស់ នៃជម្លោះរវាងរុស្សុី និងអង្គការណាតូ (NATO)។
លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្សុី បាននិយាយថា ជម្លោះបែបនេះជាមួយអង្គការណាតូ តែងតែនាំមកនូវហានិភ័យ នៃការប្រែក្លាយទៅជាសង្រ្គាមនុយក្លេអ៊ែរយ៉ាងពេញលេញ។
លោក Medvedev បានបង្ហោះសារនៅលើគណនីបណ្ដាញសង្គម Telegram ដូច្នេះថា «បណ្តាប្រទេសដែលជាសមាជិកអង្គការណាតូដែលបញ្ជូនអាវុធ និងទាហានស៊ីឈ្នួល ចូលទៅក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជាការហ្វឹកហ្វឺនដល់កងទ័ពអ៊ុយក្រែន ឱ្យប្រើប្រាស់ឧបករណ៍របស់បណ្ដាប្រទេសលោកខាងលិច និងការធ្វើសមយុទ្ធនៅជិតព្រំដែនរបស់យើង គឺកំពុងបង្កើនលទ្ធភាពនៃជម្លោះដោយផ្ទាល់ និងបើកចំហរវាងអង្គការណាតូ និងរុស្សុី»។
លោកបានបន្ថែមថា «ជម្លោះបែបនេះ តែងតែមានហានិភ័យនៃការប្រែក្លាយទៅជាសង្រ្គាមនុយក្លេអ៊ែរយ៉ាងពេញលេញ។ នេះនឹងក្លាយជា សេណារីយ៉ូ ដ៏មហន្តរាយសម្រាប់មនុស្សគ្រប់គ្នា»។
គួរបញ្ជាក់ថា រុស្សុី និងសហរដ្ឋអាមេរិក គឺជាមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក។ បើតាមសមាគមគ្រប់គ្រងអាវុធដែលមានមូលដ្ឋាន នៅទីក្រុងវ៉ាស៊ីនតោន រុស្សុីមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៦,២៥៧គ្រាប់ ខណៈមហាអំណាចនុយក្លេអ៊ែរទាំង៣ របស់អង្គការណាតូ គឺសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង មានក្បាលគ្រាប់ចំនួន ៦,០៦៥គ្រាប់បូកបញ្ចូលគ្នាក៏ដោយ៕