វាយប្រពន្ធស្លាប់ទាំងកូនក្នុងផ្ទៃ ខណៈប្ដីត្រូវជាប់ឃុំ ក្មេង៦នាក់ក្លាយជាក្មេងកំព្រា!
(ព្រះសីហនុ)៖ ក្មេង០៦នាក់ ក្នុងនោះស្រី២នាក់ បានក្លាយជាក្មេងកំព្រាគ្មានឪពុកម្ដាយ ក្រោយពីម្តាយស្លាប់ ហើយឪពុក ត្រូវសមត្ថកិច្ចចាប់ខ្លួន ។
ប្រភពថា៖ កន្លងមកក្មេងទាំង៦ ឪពុកម្តាយហាក់មិនយកចិត្តទុកដាក់ ហើយពួកគេ មិនសូវទៅសាលាឡើយ។ ពោលគឺ បណ្តោយតាមតែយថាកម្ម កូនខ្លះ ជួនទៅជាមួយម្តាយ ខ្លះដើរលេង។
អាចនិយាយបានថា៖ ពេលនេះ ក្រោយពីអត់មានម្តាយឪពុកនៅក្បែរ បើមិនមានការជួយពីសាច់ញាតិខាងឪពុកទេ ក្មេងទាំងនោះ ពិបាកមើលវាសនាពួកគេណាស់ ព្រោះគ្មានអ្នកគ្រប់គ្រង ចិញ្ចឹមបីបាច់ឡើយ។
សូមរម្លឹកថា៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៥ និង ៣០នាទីល្ងាច នៅចំណុចភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស បង្កដោយបុរសជាប្ដី ឈ្មោះ យ៉ែម ចិន្តា អាយុ ៤៣ឆ្នាំ មុខរបរកម្មករដុតធ្យូង។
បុរសនេះ បានប្រើហិង្សាវាយទៅលើជនរងគ្រោះ ឈ្មោះ វុន វ៉ាន់ ភេទស្រី អាយុ ៣៦ឆ្នាំ ត្រូវជាប្រពន្ធរបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ រលូតកូនក្នុងផ្ទៃ ហើយក៏បានស្លា.ប់ នៅថ្ងៃ១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៣រសៀល ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យចំការចេក ក្នុងទីរួមខេត្តព្រះសីហនុ បាន ១ថ្ងៃ។
ក្រោយវាយធ្វើបាបប្រពន្ធ បុរស យ៉ែម ចិន្តា បានរត់គេចខ្លួនបាត់ពីផ្ទះ។
ប៉ុន្តែបន្ទាប់ពីកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដោយមានការសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយនគរបាលខេត្តកំពង់ស្ពឺ គឺសមត្ថកិច្ចចម្រុះ ។
បានចាប់ឃាត់ខ្លួន បុរស យ៉ែម ចិន្តា កាលពីម៉ោងជាង ៥ល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទឹកដីខេត្តកំពង់ស្ពឺ ក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន។
ការចាប់ខ្លួនបុរសនោះ ខណៈពេលដែលបុរសជាប្តីនោះ កំពុងជិះរថយន្តក្រុង សំដៅទៅរាជធានីភ្នំពេញ ដើម្បីគេចខ្លួន។
ក្រោយឃាត់ខ្លួន ជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបំពេញនីតិវិធី ចាត់ការបន្ត៕