ស៊ីឈ្នួលរាស់ដីឱ្យអ្នកភូមិ កិនលើគ្រាប់មីនតោន ផ្ទុះរងរបួសធ្ងន់ ខូចត្រាក់ទ័រទាំងស្រុង!
ខេត្តប៉ៃលិន៖ បុរសម្នាក់ បានរងរបួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ខណ:ស៊ីឈ្នួលរាស់ដីឱ្យប្រជាពលរដ្ឋម្នាក់ លុះបើកបរចុះឡើងៗ ក៏ជាន់លើមីនតោនដែលសេសសល់ពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះរងរបួសធ្ងន់ និងខូចត្រាក់ទ័រខ្ទេចទាំងស្រុងតែម្ដង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជិត ១២ថ្ងៃត្រង់ ទី១៥ ខែ ឧសភា ឆ្នាំ ២០២២ នៅចំណុចទល់មុខបន្ទាយយោធាស្រែម្អម ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះខាងលើ មាន ឈ្មោះ មឿន សិលា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ បើកត្រាក់ទ័រ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសដាច់ជើងខាងឆ្វេង របួសពេញដងខ្លួន និងបែកក្បាល ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ បានបើកត្រាក់ទ័រស៊ីឈ្នួលរាស់ដីឱ្យប្រជាពលរដ្ឋក្នុងភូមិម្នាក់ ឈ្មោះ ឃួន សុធា ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកជួលដីស្រែពីអ្នកភូមិផ្សេងទៀតដែរ ។ លុះរាស់ដីតាំងពីព្រឹករហូតដល់ម៉ោងជិត ១២ថ្ងៃត្រង់ ស្រាប់តែត្រាក់ទ័រផុងដីសើមក្បែរភ្លឺស្រែ បណ្តាលឱ្យកង់លិចទៅប៉ះនឹងគ្រាប់មីនតោន ដែលសេសសល់ពីសម័យសង្គ្រាមកប់ក្នុងដី បណ្តាលឱ្យផ្ទុះលាន់យ៉ាងកក្រើក បណ្តាលឱ្យអ្នកបើកត្រាក់ទ័ររងរបួសធ្ងន់ធ្ងរ ។
ប្រភពបញ្ជាក់ថា ជនរងគ្រោះ បានខ្ទាតចេញពីលើត្រាក់ទ័រជាច្រើនម៉ែត្រ សន្លប់នៅលើវាលស្រែ ។ បន្ទាប់ពីកើតហេតុភ្លាមៗ ជនរងគ្រោះ ត្រូវបានសាច់ញាតិដឹកតាមរថយន្តសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន តែដោយសភាពធ្ងន់ធ្ងរពេក ក៏ប្រញាប់ដឹកបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង ។
គួរបញ្ជាក់ថា ៖ នៅត្រង់ចំណុចដីស្រែខាងលើ ត្រូវបានគេរាវរកគ្រាប់មីនរួចរាល់អស់ហើយ ប៉ុន្តែមិនដឹងជាយ៉ាងណា យូរៗម្ដង ស្រាប់តែមានករណីផ្ទុះគ្រាប់មីនតោនរងរបួស និងខូចខាតត្រាក់ទ័រ អស់មួយចំនួន ដែលធ្វើឱ្យប្រជាពលរដ្ឋមានការខ្លាចរអាយ៉ាងខ្លាំង ក៏សំណូមពរឱ្យខាងក្រុមការងារកម្ចាត់មីន ចុះទៅពិនិត្យ និងរាវរកគ្រាប់មីនបន្តទៀត ដើម្បីជួយដល់កសិករឱ្យមានសុវត្ថិភាពផងដែរ ៕