លោក រ័ត្ន ស៊្រាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតី ពិធីប្រកាសទទួលស្គាល់សមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹសចំនួន២៨៧នាក់!

0

នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម រ័ត្ន ស៊្រាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតី ពិធីប្រកាសទទួលស្គាល់សមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹសចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងនោះមានអ្នកមកពីគណបក្សផ្សេងៗចំនួន០៣បក្ស ជាក់ស្តែងមកពីគណបក្សភ្លើងទៀន គឺមានសមាសភាពក្នុងជួរបេក្ខជនក្រុមប្រឹក្សាសង្កាត់ រហូតដល់០៦នាក់ ដែលមានលំដាប់លេខរៀងទី២ ទី៤ ទី៥ ទី៦ ទី៧ និងទី១០ ក៏បានមកចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ ។

ឯកឧត្តម រ័ត្ន ស៊្រាង បានថ្លែងឲ្យដឹងថា ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍបច្ចុប្បន្ននេះដោយសារការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយបញ្ញាញាណ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចធ្លាប់បានយកជីវិតធ្វើដើមទុន ឆ្ពោះទៅរកការរំដោះជាតិ ជាពិសេសសម្តេចបានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ រំលាយបានទាំងស្រុងនូវអង្គការចាត់តាំងយោធាខ្មែរក្រហម នាំយកនូវសន្តិភាពពេញលេញ ជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស និងបានអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ។ សម្តេចថែមទាំងមាន ទស្សនៈវិស័យវែងឆ្ងាយ ក្នុងការប្រឆាំងជាមួយការរីករាលដាលនូវជំងឺកូវីដ-១៩ សង្គ្រោះប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ឱ្យរួចចាកផុតពីគ្រោះមហន្តរាយដ៏អាក្រក់ ត្រឡប់មកស្ថានភាពល្អប្រក្រតីប្រកបដោយជោគជ័យ។

ឯកឧត្តម រ័ត្ន ស៊្រាង បានថ្លែងបន្តថា ជានិច្ចកាលគណបក្សប្រជាជនតែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ដូច្នេះដើម្បីសន្តិភាព ស្ថិរភាព សុវត្ថិភាពប្រទេសជាតិនិងប្រជាជន យើងត្រូវជឿជាក់លើគណបក្សប្រជាជនទាំងអស់គ្នា កុំជឿលើការញុះញង់របស់គណបក្សនយោបាយផ្សេងឱ្យសោះ៕

Leave A Reply

Your email address will not be published.