អ្នកចម្រៀង សុវត្ថិឌី ធារិកា ជួបគ្រោះថ្នាក់ក្រឡាប់រថយន្តបណ្តាលអោយឪពុកនិងម្ដាយបាត់បង់ជីវិត!
(ព្រះវិហារ) ៖ ក្រុមគ្រួសារអ្នកចម្រៀងសុវត្ថិឌី ធារិកា ប្រចាំផលិតកម្មថោន បានជួបគ្រោះថ្នាក់ចចរាចរណ៍ នៅដងផ្លិត ស្រុកឆែប ខេត្តព្រះវិហារ បណ្ដាលឱ្យបាត់បង់ជីវិតឪពុកនិងម្ដាយពីរនាក់ ។
ចំណែកតារាចំរៀងនិងប្អូនប្រុសកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ ។
លោកវិរៈសេនិយឯក ឈួ ឌី អធិការនគរបាលស្រុកឆែបបានប្រាប់ឲ្យដឹងតាមទូរស័ព្ទថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មានមនុស្សពីរនាក់បាត់បង់ជីវិត ។
លោកសុំមិនលម្អិតទេដោយសារជាប់រវល់ជួយសង្គ្រោះក្រុមគ្រួសារក្នុងករណីក្រឡាប់រថយន្ត ។
តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុក្រុមគ្រួសារអ្នកចម្រៀងខាងលើនេះបានធ្វើដំណើរត្រឡប់ពីឃុំកំពង់ស្រឡៅខេត្តព្រះវិហារ បន្ទាប់ពីបញ្ចប់ការចូលរួមច្រៀងនៅក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវេទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ ដែលសាងសង់អស់ទឹកប្រាក់ចំនួន៦៥មុឺនដុល្លារ ជាប់ព្រំដែនកម្ពុជាឡាវ ស្ថិតក្នុងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២២ ។
ពិធីសម្ពោធនេះ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ប្រភពបានឱ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឲ្យឪពុក និងម្តាយ របស់សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតទាំងពីរនាក់ ។ ចំណែកសុវត្ថិឌី ធារិកា និងប្អូនប្រុស រួមទាំងយាយបានផុតគ្រោះថ្នាក់ នៅក្នុងហេតុការណ៍ក្រឡាប់រថយន្តធ្លាក់ចូលប្រឡាយទឹក មូលហេតុយ៉ាងណានោះមិនទាន់ដឹងច្បាស់នៅឡើយទេ ៕