សមត្ថកិច្ចប្រដេញបង្ក្រាបបានស្ទាវដៃស្អិតពីរនាក់បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបលុយ បានសម្រេចនៅស្រុកកំពង់ត្របែក!
ព្រៃវែង៖ កម្លាំងនគរបាលស្រុកកំពង់ត្របែក ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក តាមប្រម៉ាញ់ឃាត់ខ្លួនបានមុខសញ្ញាជនសង្ស័យឆក់កាបូប ដែលបានធ្វើសកម្មភាពបានចំនួន០២នាក់ រហូតដល់ភូមិព្រៃក្តួច ឃុំឈេីកាច ស្រុកបាភ្នំ ខេត្តព្រៃវែង។ ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០២២ វេលាម៉ោង ១១ និង៣០នាទី ដោយមានករណីឆក់កាបូបមួយ កេីតឡេីងនៅលេីដកផ្លូវជាតិលេខ១ ចន្លោះគីឡូរម៉ែត្រលេខ ៩៣-៩៤ ស្ថិតក្នុងភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ហ៊ន គីមហុង ភេទប្រុសអាយុ ១៦ឆ្នាំរស់នៅភូមិរោងដំរី ឃុំជើងភ្នំស្រុកបាភ្នំ ខេត្តព្រៃវែង និងទី២ឈ្មោះ យ៉ាន់ ចាន់ណី ហៅអាខ្ញី ភេទ ប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិរោងដំរី ឃុំ ជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖
១-ម៉ូតូ1គ្រឿងម៉ាកC125 សេរី ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង 1O-5583 ។
២-កាំបិតតាំងតោចំនួន ២
៣-ខោអាវ1កំផ្លេរ
៤-កាបូបដៃពណ៌ខ្មៅចំនួន០១
៥.ថវិកាជនរងគ្រោះចំនួន ២,៩០៥,០០០រៀល និងដុល្លារ៣០០$។
៦.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០២សន្លឹក។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង។ រីឯថវិកា និងសម្ភារ:ដែលដកហូតបានពីជនសង្ស័យ សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះគ្រប់ចំនួន។
គួរជម្រាបថា ប្រជាពលរដ្ឋក្នុងស្រុកកំពង់បែក សព្វថ្ងៃមានការសាទរ និងកក់ក្តៅបំផុត ចំពោះចំណាត់ការដ៏មានប្រសិទ្ធភាពរបស់កម្លាំងនគរបាលស្រុកកំពង់ត្របែក និងខេត្តព្រៃវែង និងសំណូមពរដល់ស្ថាប័នតុលាការ មេត្តាជួយអនុវត្តច្បាប់ ដោយដាក់ទោសទណ្ឌអោយបានជាអតិបរិមានៃទោស ដេីម្បីអោយមានការរាងចាលនៅថ្ងៃក្រោយ៕ស្វាសរ