មេបញ្ជាការកងទ័ពជើងគោក បានទទួលជួប នាយក គោលនយោបាយ អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នៃក្រសួងការពារជាតិ សហរដ្ឋអាមេរិក
(ភ្នំពេញ) ៖ នារសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានទទួលជួប លោកស្រី Lori Abele នាយក គោលនយោបាយ អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នៃក្រសួងការពារជាតិ សហរដ្ឋអាមេរិក។
ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការមួយចំនួន និងជាពិសេស កិច្ចសហប្រតិបត្តិការយោធារវាងកងទ័ពនៃប្រទេសទាំងពីរ។
បន្ថែមពីនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការដែលមានកន្លងមក និងបានបង្ហាញឆន្ទ:ក្នុងការរក្សា ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធាបន្ថែមទៀតនៅពេលខាងមុខ និងការបន្តបង្កើនភាពជឿទុកចិត្តរវាងកងទ័ពនៃប្រទេសទាំងពីរផងដែរ។
ឯកឧត្តម អគ្គមេបញ្ជាការរង បានថ្លែងអំណរគុណ រដ្ឋាភិបាល ក្រសួងការពារជាតិ សហរដ្ឋអាមេរិក ដែលបានជួយឧបត្ថម្ភ និងបណ្តុះបណ្តាល ដល់កងទ័ពកម្ពុជាកន្លងមក។
លោកស្រី Lori Abele បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងកិច្ចការសន្តិសុខកន្លងមកផងដែរ ៕