ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត÷ ថ្ងៃនេះក៏ជាទិវាជាតិនៃការចងចាំ ដែលជាការរព្ញកនឹកឃើញនូវអតីតកាលនៃទុក្ខវេទនាដ៏សែនជូរចត់ និងឈឺចាប់ខ្លោចផ្សាបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ!
(កំពង់ចាម)៖ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលកៅស៊ូ DBST ចំនួន ៥ ខ្សែប្រវែង ២៧,៩៧ គីឡូម៉ែតនៅភូមិជ្រៃហាយ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ថ្ងៃនេះក៏ជាទិវាជាតិនៃការចងចាំ ដែលជាការរព្ញកនឹកឃើញនូវអតីតកាលនៃទុក្ខវេទនាដ៏សែនជូរចត់ និងឈឺចាប់ខ្លោចផ្សាបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលប្រជារាស្ត្រខ្មែររាប់លាននាក់បានទទួលរងនូវការធ្វើទុក្ខបុកម្នេញ និងការកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃយងឃ្នងនៅក្នុងរបបប៉ុលពត។ មហោសោដនាដកម្មនេះ គឺជាការស្លាប់ដោយមិនអស់ចិត្ត និងអយុត្តិធម៌បំផុត។ ឯកឧត្តមបន្តថា ជាភ័ព្វសំណាងណាស់ ដែលក្រោយមកប្រជាជនកម្ពុជា បានធ្វើដំណើរឆ្លងផុតមហន្តរាយនៃអតីតកាលដ៏ខ្មៅងងឹតនេះ តាមរយៈពលិកម្មតស៊ូរំដោះជាតិរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏បានបន្តរស់នៅប្រកបដោយសុភមង្គល និងសេចក្តីសុខសាន្តនៅក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ ក្រោមការបន្តដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងបានទទួលការគាំទ្រ និងការផ្តល់ទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋនៅគ្រប់អាណត្តិនៃការបោះឆ្នោតកន្លងមក។
ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដែលកើតចេញកូនកសិករចេញពីត្រកូលអ្នកស្ទឹងត្រង់នេះផ្ទាល់ និងជាកូនខ្មែរមួយរូបដែលបានចូលរួមចំណែកបម្រើប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈពីដើមរហូតមក និងបានដឹកនាំប្រទេសជាតិសម្រេចបាននូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមទាំងការនាំមកនូវកិត្តិយស និងកិត្យានុភាពជាតិ ដោយទទួលបានការទទួលស្គាល់ប្រកបដោយភាពស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិគួរជាទីមោទនៈ៕