កូរ៉េខាងជើង នៅតែប្រារព្ធពិធីបុណ្យសព យោធាកំពូលខណៈជម្ងឺគ្រុនក្តៅកំពុងវាយលុកខ្លាំង!
ប្រទេសកូរ៉េខាងជើងនៅតែប្រារព្ធពិធីបុណ្យសពដល់មន្ត្រីយោធាកំពូលម្នាក់ បើទោះបីជាប្រទេសនេះកំពុងផ្ទុះជំងឺ “គ្រុនក្តៅ” ក៏ដោយ ។
យោងតាមកាសែត Rodong Shinmun របស់គណបក្សពលករដែលកំពុងកាន់អំណាចបានរាយការណ៍ថា នៅថ្ងៃចន្ទនេះប្រទេសកូរ៉េខាងជើងបានបញ្ជាក់ពីករណីសង្ស័យឆ្លងកូវីដដល់ទៅជាង ១៦៧,០០០ ករណី ។
ការដដែលបាននិយាយថា បើទោះជាយ៉ាងនេះក្ដីការប្រារព្ធពិធីបុណ្យសពសម្រាប់លោក Hyon Chol Hae សេនាប្រមុខនៃកងទ័ពប្រជាជនកូរ៉េនៅតែធ្វើឡើងកាលពីថ្ងៃអាទិត្យ ដោយមានការចូលរួមពីមេដឹកនាំលោក គីម ជុងអ៊ុន ផងដែរ ។
ទន្ទឹមនោះលោក គីម ដែលជាប្រធានគណៈកម្មាធិការជាតិរៀបចំពិធីបុណ្យសពនេះបាននិយាយថា ព្រលឹងដ៏ថ្លៃថ្នូរបស់លោក Hyon នឹងរស់នៅជាមួយនឹង “ការពង្រឹង និងការអភិវឌ្ឍន៍ដ៏អស្ចារ្យ” នៃយោធានៃប្រទេសរបស់យើង ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះកូរ៉េខាងជើងបានកត់ត្រាករណីសង្ស័យឆ្លងកូវីដរហូតទៅជាង ២.៨ លាននាក់ និងមានអ្នកស្លាប់ ៦៥ នាក់ ចាប់តាំងពីផ្ទុះឡើងកាលពីចុងខែមេសា ៕