ភ្លៀងធ្លាក់ជាប់ៗគ្នាដើមឈើរលំលើរថយន្តស៊េរីទំនើប៣គ្រឿង នៅចំណតទឹកជ្រោះភ្នំគូលែន!
(សៀមរាប)៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ដើមឈើចាស់ធំៗនៅលើខ្នងភ្នំគូលែន បានរលំបាក់សង្កត់ពីលើរថយន្តស៊េរីទំនើបចំនួន៣គ្រឿង នៅចំណតរថយន្ដទឹកធ្លាក់ជាន់ទី៣ (ទឹកជ្រោះភ្នំគូលែន) ។
បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈពេលមានភ្លៀងធ្លាក់ជាប់ៗគ្នា ព្រមទាំងមានផ្គររន្ទះបាញ់ផងដែរ ធ្វើឱ្យរលើងឫសរលំសង្កត់លើរថយន្តតែម្តង។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទីរសៀល នៅចំណុចចំណតរថយន្ដទឹកធ្លាក់ជាន់ទី៣ (ទឹកជ្រោះភ្នំគូលែន) ស្ថិតក្នុងភូមិសាស្ត្រស្រុកស្វាយលើ។
បើតាមប្រសាសន៍របស់លោក អៀង ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុកស្វាយលើ បានប្រាប់តាមទូរស័ព្ទនៅវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះថា ករណីដើមឈើរលំបាក់សង្កត់លើរថយន្តទំនើបចំនួន៣គ្រឿង បណ្តាលឱ្យខូចខាតយ៉ាង ធ្ងន់ធ្ងរនោះ គឺបណ្តាលមកពីភូតហេតុគ្រោះធម្មជាតិ ដែលមានភ្លៀងធ្លាក់ជាប់ៗគ្នា និងខ្យល់កន្ត្រាក់ ។
លោកបញ្ជាក់ថា រថយន្តទំនើបចំនួន៣គ្រឿងដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរនោះ គឺទី១- រថយន្ដ Lexus 200T ពណ៌ក្រហម ស្លាកលេខភ្នំពេញ 2AX- 1787 ខូចខាតផ្នែកខាងក្រោយ។ ទី២- រថយន្ដ Ford Ranger ពណ៌ស ស្លាកលេខ ភ្នំពេញ 2AV-3368 ខូចខាតផ្នែកដំបូលទាំងស្រុង ដែលម្ចាស់រថយន្តទាំងពីរគ្រឿងខាងលើនេះ មានឈ្មោះ សុខ លី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្ដសៀមរាប។ និងទី៣- រថយន្ដ Toyota Vigo ពណ៌ខ្មៅ ស្លាកលេខ សៀមរាប2C-3176 ខូចខាតផ្នែកខាងមុខ ដែលមានម្ចាស់រថយន្ដឈ្មោះ អ៊ុន វីរៈ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរយោធា ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្ដសៀមរាប។
លោកបញ្ជាក់ទៀតថា បន្ទាប់ពីមានករណីគ្រោះធម្មជាតិរួចមក ត្រូវបានកម្លាំងបុគ្គលិករបស់ក្រុមហ៊ុនឯកជនយីហោ «នគរ គោកធ្លក» កំពុងកាត់ដើមឈើ ដើម្បីយករថយន្ដចេញ និង សម្របសម្រួលគ្នាផងដែរ។
បច្ចុប្បន្ន រថយន្តទំនើបទាំង៣គ្រឿងខាងលើនេះ ត្រូវបានម្ចាស់យករថយន្តស្ទួច មកស្ទួចយកទៅជួសជុលរៀងៗខ្លួន ហើយចំពោះសំណងដែលដើមឈើរលំបាក់សង្កត់លើរថយន្តនោះ ម្ចាស់រថយន្តកំពុងធ្វើការសម្របសម្រួលគ្នាជាមួយនឹងក្រុមហ៊ុនហើយ៕